អ្នកឧកញ៉ា សុខ គង់ គ្រោងសាងសង់រូបព្រះពុទ្ធបដិមាខ្ពស់ជាងគេលើពិភពលោកនៅលើកំពូលភ្នំបូកគោ

អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែល បានបង្ហើបឱ្យដឹងថា ក្រុមហ៊ុនរបស់លោកមានគំរោងសាងសង់ រូបសំណាកព្រះពុទ្ធបដិមាទ្រង់ព្រះភ្នែនដ៏ធំ នៅលើខ្នងភ្នំបូកគោ ក្នុងតំបន់វាលស្រែ៥០០ ដែលមានកំពស់រហូតដល់១០៨ម៉ែត្រ ដែលនឹងក្លាយជាព្រះពុទ្ធបដិមា ទ្រង់ព្រះភ្នែនខ្ពស់ជាងគេនៅលើពិភពលោក។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុម័តឲ្យអ្នកឧកញ៉ាសាងសង់ពុទ្ធបដិមាខាងលើ កាលពីពេលថ្មីៗនេះ ខណៈរចនាបទបដិមានេះ ត្រូវបានឌីសាញឡើងវិញស្របតាមរចនាបទបដិមាខ្មែររួចហើយ។

អ្នកឧកញ៉ា សុខ គង់ បានបន្តថា គោលបំណងនៃការសាងសង់រូបសំណាកព្រះពុទ្ធបដិមាដ៏ធំនេះ ដើម្បីជាទីសក្ការៈដ៏ថ្លៃថ្លាឧត្តុងឧត្តម សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរយើង និងដើម្បីឧទ្ទិសសុំសេចក្តីសុខ សេចក្តីចម្រើនរុងរឿង និងសុខសន្តិភាពជានិច្ចនិរន្តរ៍ ដល់ប្រជាពលរដ្ឋយើងទាំងអស់នៅក្នុងតំបន់នេះ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូល។

អ្នកឧកញ៉ាបានបន្ថែមថា ម្យ៉ាងវិញទៀត ព្រះពុទ្ធបដិមាដ៏ធំស្កឹមស្កៃនេះ ក៏ជាការជួយរួមចំណែកទ្រទ្រង់ ដល់វិស័យព្រះពុទ្ធសាសនា និងការអភិវឌ្ឍទេសចរណ៍វប្បធម៌ ហើយជាពិសេសទៀតនោះ គឺជាការទាក់ទាញយ៉ាងធំធេងដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់ក្នុងមួយឆ្នាំៗ ឱ្យមកកាន់តំបន់នេះយ៉ាងច្រើនកុះករ ហើយក៏ជាប្រភពចំណូលយ៉ាងធំ ដែលនឹងទទួលបានពីភ្ញៀវទេសចរទាំងនោះ។

អ្នកឧកញ៉ា សុខ គង់ បានឱ្យដឹងទៀតថា មកដល់ពេលនេះ ក្រុមហ៊ុនបានដាក់សំណើសុំសាងសង់ រូបសំណាកព្រះពុទ្ធបដិមានេះ ជូនដល់ក្រសួងបរិស្ថានរួចរាល់ហើយ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏កំពុងធ្វើការយ៉ាងសកម្មជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទាក់ទងនឹងការរៀបចំប្លង់ស្ថាបត្យកម្ម ដើម្បីធានាថារូបសំណាកព្រះពុទ្ធបដិមាដ៏ធំនេះ ត្រូវបានសាងសង់ត្រឹមត្រូវស្របទៅតាមរចនាបទរបស់ខ្មែរយើង។

អ្នកឧកញ៉ាសុខ គង់ ក៏បានបង្ហើបឱ្យដឹងថា គម្រោងនេះគ្រោងនឹងចំណាយថវិកាប្រមាណពី៣០ ទៅ៤០លានដុល្លារអាមេរិក ដោយការសាងសង់នឹងចាប់ផ្តើម ក្នុងពេលឆាប់ៗតាមតែអាចធ្វើទៅបាន ក្រោយពីក្រុមហ៊ុនទទួលបានច្បាប់អនុញ្ញាត ពីក្រសួងស្ថាប័នពាក់ព័ន្ធ និងបន្ទាប់ពីការរៀបចំប្លង់បានចប់សព្វគ្រប់។

ឆ្លើយតបនឹងសំណើរសុំសាងសង់រូបសំណាកពុទ្ធបដិមាដ៏ធំ និងខ្ពស់ជាងគេលើពិភពលោក របស់ក្រុមហ៊ុនសុខាអូតែល គណៈកម្មការអន្តរក្រសួងដឹកនាំដោយ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបើកកិច្ចប្រជុំទាក់ទងនឹងសំណើនេះ។
កិច្ចប្រជុំដ៏សំខាន់ ដែលបានធ្វើកាលពីថ្ងៃទី២៧ ឧសភាកន្លងមកនេះ មានការចូលរួមពីមន្រ្តីជាន់ខ្ពស់ក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈ ក្រសួងធម្មការ និងសាសនា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តកំពត និងក្រុមការងារបច្ចេកពាក់ព័ន្ឋ និងតំណាងក្រុមហ៊ុនសុខាអូតែល។

តាមរយៈកិច្ចពិភាក្សាក្នុងអង្គប្រជុំនេះ គណៈកម្មការអន្តរក្រសួងបានគាំទ្រ ចំពោះសំណើសុំសាងសង់ពុទ្ធបដិមាខ្ពស់ ជាងគេលើពិភពលោករបស់របស់ក្រុមហ៊ុនសុខាអូតែល ប៉ុន្តែគណៈកម្មការអន្តរក្រសួងបានស្នើឲ្យក្រុមហ៊ុនកែប្រែខ្លះលើរចនាបទព្រះពុទ្ធរូប ដើម្បីធ្វើយ៉ាងណាឲ្យសមស្របតាមខ្នាត តាមរចនាបទព្រះពុទ្ធរូបនៅកម្ពុជាយើង។

អ្នកឧកញ៉ា សុខ គង់ បានមានប្រសាសន៍ឲ្យដឹងបន្តថា ក្រុមហ៊ុននឹងបន្តធ្វើការជាមួយគណៈកម្មការអន្តរក្រសួង ដើម្បីធ្វើការកែសម្រួលខ្នាត និងរចនាបទរបស់ព្រះពុទ្ធររូបនេះបន្ថែមទៀត ដើម្បីស្របតាមវប្បធ៌មខ្មែរ ប៉ុន្តែការសាងសង់ យើងមិនទាន់ចាប់ផ្តើមនៅឡើយទេ ព្រោះយើងត្រូវកែ និងរចនាឡើងវិញនូវរចនាបទពុទ្ធបដិមានេះឡើងវិញ និងឆ្លងគណៈកម្មការអន្តរក្រសួងឯកភាពសិន ទើបយើងនឹងរៀបចំដំណើរការសាងសង់ ប៉ុន្តែអ្វីៗយើងនឹងខិតខំពន្លឿនការងារនេះ ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន៕

Powered by Blogger.