មានដឹងអត់ថាហេតុអីបានជាគេសែនម្ហូបទាំង 8 នេះនៅថ្ងៃចូលឆ្នាំចិន?
ចូលឆ្នាំចិនម្តងៗ ឃើញតែគេសែនម្ហូបដដែលៗតាមទំនៀមទំលាប់ តែអ្នកទាំងអស់មានដឹងអត់ថាមុខម្ហូបនីមួយៗមានន័យដូចម្តេចខ្លះ ហើយគេសែនដើម្បីអីណ៎? អញ្ចឹងហើយ ថ្ងៃនេះយើងនឹងលើកយកមុខម្ហូប 7 ដែលអ្នកទាំងអស់គ្នាប្រាកដជានឹងបានឃើញនៅថ្ងៃមុខឆាប់ៗនេះមកបកស្រាយ!
1. មីឆា
ឆ្នាំណាក៏មិនដែលបាត់មុខមីឆាដែរបងប្អូន គឺថាម្ហូបប្រចាំត្រកូលតែម្តង! តាមពិតគឺដោយសារតែវាមានន័យជ្រៅណាស់ក្នុងទំនៀមទំលាប់ចិនដែលគេហៅមីឆាថាជា «មីអាយុវែង»។ នេះគឺព្រោះតែបើសរសៃមីរិតតែវែង អាយុយើងក៏កាន់តែវែងតាមនឹងដែរ! អញ្ចឹងហើយបានជាគេសែនដើម្បីសុំអាយុវែងហ្នឹងណា!
2. នំសុភមង្គល
ដែលឃើញគេរៀបមួយថាសដាក់ចំណីចំណុក ស្ករគ្រាប់ សណ្តែកដី ឬនំអង្កររបៀបចិនៗដែរអត់? គេភាគច្រើនលាយ 6 ទៅ 8 មុខដែលលេខទាំងពីរគឺជាលេខហុងស៊ុយលាភនិងទ្រព្យ ហើយអាចរើសបានតាមចិត្ត។ ណាមួយការលាយច្រើនមុខបែបនេះគឺដើម្បីឲ្យមាន «ភាពជួបជុំនិងសុភមង្គលនៅក្នុងគ្រួសារ» ផងដែរ។
3. គួង ឬ គាវបំពង
គ្រាន់តែឃើញក៏ឃ្លានដែរ! បើមើលពីរូបរាងវាទៅដែលមានអារម្មណ៍ថា ពណ៌លឿងមាសៗហើយខ្ជប់ដុំៗចឹងរូបដូចអ្វីអត់? តាមពិតគឺគួងតំណាងឲ្យ«ដុំមាស»សោះ! គេសែនដើម្បីនាំជោគនាំជ័យលាភសំណាងរកស៉ីមានបាននឹងណា!
4. ក្រូច
ក្រូចថ្លុង ក្រូចសើច ឬ ក្រូចខ្វិចគឺតំណាងឲ្យលាភនិងទ្រព្យដោយសារពាក្យ «ក្រូច» សរសេរជាភាសាចិនមានរូបរាងស្រដៀងនឹងពាក្យ «លាភ និងទ្រព្យ» ។ ណាមួយសូម្បីតែពណ៌ទឹកក្រូចក៏តំណាងឲ្យ«ភាពរុងរឿង»សម្រាប់ជនជាតិចិនដែរ។ ដូច្នេះហើយមិនបាច់ឆ្ងល់ទៀតទេថាហេតុអ្វីសម្បូរក្រូចសែនលក់ម្ល៉េះ!
5. ត្រី
ក្រៅពីជ្រូកខ្វៃ ត្រីក៏ឃើញមានចេញមុខមករហូតដែរ ជាពិសេសត្រីចំហុយនឹងឯង! ជនជាតិចិនជឿថាត្រីនាំភាពសម្បូរសប្បាយឲ្យជីវិត ព្រោះពាក្យ «ត្រី» ជាភាសាចិនអានដូចគ្នានឹងពាក្យ «សម្បូរសប្បាយ» ដែរ។ និយាយរួមគេសែនត្រីដើម្បីបានជោគបានជ័យសេរីសួស្តីឆ្នាំថ្មីនោះឯង!
6. នំអ៉ី
អ្នកទាំងអស់គ្នាដឹងអត់ថាក្រៅពីមានពណ៌ចម្រុះ នំអ៉ីមានរូបរាងមូលៗអញ្ចឹងតំណាងឲ្យអីអត់? ត្រូវហើយ! រាងរង្វង់មូលគឺតំណាងឲ្យការរួបរួម ហើយបង្អែមនេះគេចូលចិត្តសែនដោយសារឈ្មោះជាចិន ពេលអានទៅស្រដៀងនឹងពាក្យចិនមួយបកប្រែថា «ការជួបជុំគ្នាវិញ»។ អញ្ចឹងហើយ នុំអ៉ីតំណាងឲ្យសុភមង្គលនិងការជួបជុំគ្នាក្នុងគ្រួសារ។
7. នំឡើង
មិនបាច់ចាំតែចូលឆ្នាំចិនទេ! នំឡើងមានលក់គ្រប់រដូវកាលតែម្តង។ ឈ្មោះចិនរបស់នំនេះបកប្រែមានន័យថា «ភាពរុងរឿង» ហើយណាមួយកាលណាតែក្បាលនំអាកោកាន់តែបែកជាចំណិតៗធំៗ គឺកាន់តែហេងៗកាត់ឆុងតែម្តង។ បើយើងទិញគេជៀសជាងធ្វើខ្លួនឯង យើងគ្រាន់រើសមួយណាដែលកាន់តែបែកចុងទៅ ឲ្យតែសែននោះក៏លាភចូលដែរ!
8.គាវ
មិនថាស្នូលបង្ការ មាន់ ឬបន្លែ យោងទៅតាមជំនឿនៅប្រទេសចិន អ្នកណាបានញ៉ាំគាវកាន់តែច្រើន អ្នកនោះនឹងកាន់តែមានបាន! នេះគឺគាវនីមួយៗគឺតំណាងឲ្យចំនួនលុយដែលនឹងរកបាននៅឆ្នាំថ្មីខាងមុខៗនេះ។
ក្នុងឪកាសបុណ្យចូលឆ្នាំចិននេះ បើអ្នកទាំងអស់គ្នាសែនចូលឆ្នាំ កុំភ្លេចមុខម្ហូបក្នុងចំណោម 8 មុខនេះ ដើម្បីនាំលាភហេងៗកាត់ឆុងណា!
Post a Comment