ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​វិញ​ឡុង​ប្តេជ្ញា​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច​

ខេត្ត​បន្ទាយមានជ័យ ព្រះរាជាណាចក្រ​កម្ពុជា និង​ខេត្ត​វិញ​ឡុង សាធារណរដ្ឋ​សង្គមនិយម​វៀត​ណាម បាន​អះអាង​ពី​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​វិស័យ​ទំនាក់ទំនង ជាពិសេស​វិស័យ​សេដ្ឋកិច្ចរវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​។

​ក្នុង​ដំណើរ​ទស្សនកិច្ច និង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិភាក្សាស្តីពី​ការ​ពង្រឹង​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​កា​រងា​រលើ​គ្រប់​វិស័យ នៅ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​ទី​២០ មករា ឆ្នាំ​២០២៣​ កន្លង​ទៅនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ជម្រាប​ជូន​ឯកឧត្តម លឺ ក្វាង​ងឺ​យ ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​វិញ​ឡុង​ថា នេះ​ជា​មោទនភាព​មួយ​ដែល​ប្រទេស​ទាំងពីរ បាន​ទើប​ងើប​ចេញ​ផុត​ពី​វិបត្តិ​សាកល​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ឈាន​ទៅ​បើក​ប្រទេស​ និង​បើក​ព្រំដែន​ពេញលេញ​ឡើងវិញដើម្បី​ស្តារ​សេដ្ឋកិច្ច ដែល​ជា​លទ្ធផល​ដ៏​ល្អ​ប្រសើរ​ទាំងនេះ​គឺ​បាន​ដោយសារ​នយោបាយ​គ្រប់គ្រង​ជំងឺ​កូ​វីដ​១៩ របស់​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ ​ដល់​ប្រជាពលរដ្ឋ​សម្រេច​បាន​តាម​ផែនការ​។ ​

​ជា​កិច្ច​ឆ្លើយតប ឯកឧត្តម លឺ ក្វាង​ងឺ​យ បាន​ថ្លែងអំណរគុណ​អភិបាលខេត្ត​បន្ទាយមានជ័យ ដែល​ដឹកនាំ​គណៈប្រតិភូ​មក​ទស្សនា​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ដោយ​ផ្ទាល់​។ ឯកឧត្តម​បាន​បន្ត​ថា ខេត្ត​នៅ​តំបន់​ទំនាប​ទន្លេ​មេគង្គ​មួយ​នេះ​មាន​ប្រជាជន​ជាង ៨៥​ម៉ឺន​នាក់​។ ក្នុង​នោះ​ជនជាតិ​ដើម​ខ្មែរ​ជាង ២ម៉ឺន ២ពាន់នាក់។ ​ភាគី​វៀតណាម​បាន​លើក​ឡើង​បន្ត​ថា ដោយមាន​បង្អែក​សេដ្ឋកិច្ច​លើ​វិស័យ​កសិកម្ម ឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម និង​សេវាកម្ម​ជាដើម ដែល​ផលិតផល​សរុប​ក្នុងស្រុក​បាន​ស្មើនឹង​ប្រមាណ ៧៥០​លាន​ដុល្លារ​អាម៉េរិក​។ 

ក្នុង​នោះ​ក៏​ជំរុញ ​និង​ពង្រឹង​នូវ​ការ​លើក​កម្ពស់​សុខុមាល​ភាព ជីវភាព​ប្រជាជន រួម​ទាំង​បងប្អូន​ខ្មែរ​ជន​ជាតិ​ដើម និង​ព្រះសង្ឃ​ផង​ដែរ​។​

​តាមរយៈ​ជំនួប​ការងារ​នា​ពេល​នេះ​ភាគី​ប្រទេស​ទាំងពីរ​បាន​ប្តេជ្ញា​ថា នឹង​បន្ត​ពូន​ជ្រំ​ចំណងមិត្តភាព ភាតរភាព​សាមគ្គីភាព កិច្ច​សហប្រតិបត្តិការ​រវាង​ខេត្ត​ទាំងពីរ ដូចដែល​មាន​ចែង​ក្នុង​ស្មារតី​ខ្លឹមសារ​នៃ​អនុស្សរណៈ​យោគយល់​គ្នា ដែល​បាន​ចុះហត្ថលេខា​លើក​ទី​១ កាលពី​ខែ​មេសា ឆ្នាំ​២០១២ និង​លើក​ទី​២ កាល​ខែ​តុលា ឆ្នាំ​២០១៧​ កន្លងមក ហើយ​គ្រោង​បន្ត ៥​ឆ្នាំ​ទៀត​៕

Powered by Blogger.