ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរខួប ១០០ឆ្នាំ នៃវត្តមានសាសនាគ្រិស្តនៅកម្ពុជា
សាសនាគ្រិស្តមានវត្តមាននៅក្នុងប្រទេសកម្ពុជារយៈពេល ១០០ឆ្នាំហើយ គិតត្រឹមឆ្នាំ២០២៣នេះ។ ដើម្បីអបអរសាទរខួប ១០០ឆ្នាំ នៃវត្តមានសាសនាគ្រិស្តនៅកម្ពុជានេះ ថ្នាក់ដឹកនាំសាសនាគ្រិស្ត បានរៀបចំពិធីអបអរសាទរដ៏ធំមួយរយៈពេលពីរថ្ងៃ នៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ដោយហៅព្រឹត្តិការណ៍នោះថា «មរតកដំណឹងល្អ១០០ឆ្នាំ (១៩២៣-២០២៣)»។
ពិធីបើកព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ពិធីបិទព្រឹត្តិការណ៍ធ្វើឡើងនៅល្ងាចថ្ងៃទី២៨ ខែមករា ក្រោមអធិបតីភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* ជាកិច្ចចាប់ផ្តើមប្រសាសន៍ក្នុងពិធីអបអរសាទរខួប១០០ឆ្នាំ នៃវត្តមានសាសនាគ្រិស្តនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សល់តែ៩៨ថ្ងៃទៀតប៉ុណ្ណោះ ដល់ពេលកម្ពុជាធ្វើម្ចាស់ផ្ទះប្រកួតស៊ីហ្គេមហើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួបនៅព្រឹកថ្ងៃនេះ គឺជាជំនួបលើកទី៥ហើយ រវាងសម្តេច និងគ្រិស្តបរិស័ទ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិធីអបអរសាទរខួប១០០ឆ្នាំនៃវត្តមានគ្រិស្តសាសនានៅកម្ពុជា គឺជាការអរគុណដល់ព្រះយេស៊ូ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជួបជុំអបអរសាទរនេះ ក៏ជាការបង្ហាញឱ្យពីការរីកចម្រើនលើផ្នែកជំនឿសាសនានៅកម្ពុជាផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រិស្តបរិស័ទ បានចូលរួមចំណែកយ៉ាងលើកិច្ចការសង្គមនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីបុព្វហេតុជាតិ និងប្រជាជន រាជរដ្ឋាភិបាល បានគាំពារគ្រប់សាសនាទាំងអស់នៅកម្ពុជា ហើយបានផ្តល់សិទ្ធិសេរីភាពយ៉ាងទូលំទូលាយដល់គ្រប់សាសនា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មានមោទនភាពចំពោះប្រជាពលរដ្ឋ ទោះបីមានជំនឿសាសនាខុសគ្នា តែបានរួមរស់ជាមួយគ្នាយ៉ាងសុខសាន្ត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់គ្រិស្តបរិស័ទទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាថែរក្សាសុខសន្តិភាព និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃជ័យជម្នះ៧មករា មិនត្រឹមតែជួយឱ្យជីវិតពលរដ្ឋខ្មែរបានរស់ឡើងវិញប៉ុណ្ណោះទេ តែក៏បានជួយឱ្យគ្រប់សាសនា រួមទាំងសាសនាគ្រិស្តបានរស់ឡើងវិញផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តើមានគ្រិស្តសាសនាកំពុងធ្វើសកម្មភាពនៅអ៊ុយក្រែនដែរទេ? មិនមានសកម្មភាពសាសនាណាមួយនៅលើប្រទេសមានសង្គ្រាមនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រប់សាសនានៅកម្ពុជាកំពុងរីកចម្រើន ហើយរួមរស់ជាមួយគ្នាយ៉ាងសុខសាន្ត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជោគជ័យនយោបាយឈ្នះ-ឈ្នះ បានធ្វើឱ្យប្រជាពលរដ្ឋគ្រប់រូបឈ្នះ និងរស់នៅដោយភាពល្អប្រសើរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជម្លោះសាសនា គឺជាមហន្តរាយមួយដ៏ធំធេង ដែលមិនអាចឱ្យកើតមាននៅក្នុងប្រទេសកម្ពុជានោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់ថ្នាក់ដឹកនាំគ្រិស្តត្រូវសាមគ្គីគ្នាទាំងផ្ទៃក្នុង និងជាមួយសាសនាដទៃ ដោយឈរលើគោលការណ៍សុខដុមនីយកម្ម។
* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរំពឹងថា ថ្នាក់ដឹកនាំគ្រិស្តនៅកម្ពុជា នឹងជ្រើសតំណាងមួយ ដើម្បីជជែកជាមួយសាសនាដទៃ ក៏ដូចជាអាជ្ញាធរ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់គ្រិស្តបរិស័ទទាំងអស់ចូលរួមថែរក្សាការពារសុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់នៅក្នុងសង្គម។
Post a Comment