អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីសម្រេចបានជាង ៦០% ដើរយឺតជាងផែនការ
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីសម្រេចបាន ៦៣% គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ ដែលដើរយឺតជាងផែនការតិចតូច ដោយសារតែការរាំងស្ទះនៃការនាំចូលឧបករណ៍បរិក្ខាសំណង់ពីប្រទេសចិនបណ្តាលមកពីបញ្ហាកូវីដ១៩។
បើតាមរបាយការណ៍បូកសរុបការងាររបស់ក្រុមហ៊ុន Angkor International Airport Investment (Cambodia)Co.,Ltd (AIAI) ដែលជាក្រុមហ៊ុនអនុវត្តគម្រោងបានបង្ហាញថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ គម្រោងទាំងមូលសម្រេចបាន ៦៣% ដែលយឺតតិចតួចជាងការគ្រោងទុកកាលពីដើមឆ្នាំគឺ ៧០% ខណៈក្រុមហ៊ុនបានដាក់ចេញផែនការ នឹងប្តេជ្ញាចិត្តសម្រេចឱ្យបាន ៩០ ភាគរយនៅដំណាច់ឆ្នាំ ២០២៣នេះ។
លោក តឹករ៉េត សំរេច ប្រធានគណៈកម្មការតម្រង់ទិស បានវាយតម្លៃខ្ពស់ចំពោះក្រុមមហ៊ុន AIAI ដែលបានយកចិត្តទុកដាក់ និងផ្តល់ភាពសំខាន់ចំពោះគម្រោងនេះ ហើយបានអនុវត្តគម្រោងទទួលបានជោគជ័យ ទោះក្នុងកាលៈទេសៈដែលពិភពលោកបានកំពុងជួបវិបត្តិ។
តាមរយៈសមិទ្ធិផលឃើញថ្ងៃនេះ យើងអាចវាយតម្លៃបានថា “ពេលវេលាលំបាកបំផុតក្នុងការអនុវត្តគម្រោងសាងសង់ឱ្យសម្រេចជោគជ័យនៅះ គឺពួកយើងបានឆ្លងផុតហើយ” នៅសល់តែការងារតិចតួចប៉ុណ្ណោះ ដែលយើងត្រូវបន្តអនុវត្តឱ្យបានចប់នៅដំណាច់ខែមីនា ឆ្នាំ២០២៣ និងការងារបើកឱ្យដំណើរការនៅខែតុលា ឆ្នាំ២០២៣។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីបានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២០ ដោយក្រុមហ៊ុន AIAI លើផ្ទៃដី ៧០០,០៦ ហិកតា ក្រោមទុនវិនិយោគប្រមាណ ៨៨០ លានដុល្លារ។
អាកាសយានដ្ឋាននេះមានសមត្ថភាពទទួលអ្នកដំណើរប្រចាំឆ្នាំរយៈពេលខ្លី-មធ្យម ៧ លាននាក់ក្នុង ១ ឆ្នាំដែលត្រូវចំណាយទុនជាង ៥០០ លានដុល្លារ និងរយៈពេលវែងទទួលបាន ២០ លាននាក់ក្នុង ១ ឆ្នាំដែលត្រូវចំណាយទុនជាង ៣០០ លានដុល្លារបន្ថែមទៀត៕
Post a Comment