កោះចំនួន ២ នៅខេត្តព្រះសីហនុប្តូរឈ្មោះទៅជាថ្មដុះនិងថ្មប៉ប្រះទឹកវិញ
កោះចំនួន ២ នៅខេត្តព្រះសីហនុ ត្រូវបានប្តូរទៅជាថ្មដុះនិងថ្មប៉ប្រះទឹកវិញ ក្រោយពីរដ្ឋបាលខេត្តបានសិក្សាស្រាវជ្រាវរាប់ចំនួនកោះ ថ្មដុះនិងថ្មប៉ប្រះទឹកក្នុងភូមិសាស្ត្រខេត្តព្រះសីហនុកាលពីឆ្នាំ២០១៨ រួចមក។
កោះចំនួនពីរដែលប្តូរទៅជាថ្មដុះនិងថ្មប៉ប្រះទឹក រូមមានកោះត្រងោលបានប្តូរទៅជាថ្មដុះត្រងោល និងកោះចៅបានប្តូរទៅជាថ្មប៉ប្រះទឹកចៅវិញ។
យោងតាមកំណត់ហេតុស្តីពីការសិក្សាស្រាវជ្រាវរាប់ចំនួនកោះ ថ្មដុះនិងថ្មប៉ប្រះទឹកក្នុងភូមិសាស្ត្រខេត្តព្រះសីហនុដែលសហការរវាងក្រុមការងារបច្ចេកទេសរបស់គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ជាមួយអាជ្ញាធរខេត្តព្រះសីហនុចាប់ផ្ដើមដំណើរការកាលពីថ្ងៃទី ២២ ខែសីហាឆ្នាំ២០១៧ ដល់ថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០១៨ បានរកឃើញកោះចំនួន ៣០ ថ្មដុះចំនួន ២ និងថ្មប៉ប្រះទឹកចំនួន ៥។
ក្នុងនោះនៅក្នុងក្រុងព្រះសីហនុមានកោះ៥ និងថ្មដុះចំនួន១មានដូចជាកោះដែកគោល កោះពស់ កោះថាស កោះព្រាប កោះត្រេះ និងថ្មដុះអាចម៍សត្វ។ ក្រុងកោះរ៉ុងមានកោះ ចំនួន ១៧ ថ្មដុះ១ និងថ្មប៉ប្រះទឹក៤ រួមមានកោះរ៉ុង កោះបង កោះអូន កោះមូល កោះរ៉ុងសន្លឹម កោះតូច កោះកូន កោះព្រីង កោះដូងក្រៅ កោះវៀរ កោះតាង កោះមួយ កោះដំឡូង កោះពីរលិច កោះពីរកើត កោះពូលោវ៉ៃលិច (កោះតា) កោះពូលោវៃកើត (កោះយាយ) ថ្មដុះត្រងោល ថ្មប៉ប្រះទឹកព្រីង ថ្មប៉ប្រះទឹកសារ៉ាសែន ថ្មប៉ប្រះទឹកចៅ និងថ្មប៉ប្រះទឹកឌឺផុនរីហ្វ។
ស្រុកព្រៃនប់មានកោះ ៧ រួមមានកោះចន្លុះ (កោះប្រើស) កោះក្របី កោះតាគៀវ កោះឬស្សី កោះស្រម៉ោច កោះសំពោចនិងកោះថ្មី។ ស្រុកស្ទឹងហាវមានកោះចំនួន ១ និងថ្មប៉ប្រះទឹក ១ គឺកោះដូងក្នុង និងថ្មប៉ប្រះទឹកអន្លង់ស។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានមានប្រសាសន៍ថា ក្នុងចំណោមកោះទាំង៣០ មានតែកោះចំនួន ២ ប៉ុណ្ណោះគឺកោះរ៉ុងនិងកោះរ៉ុងសន្លឹម មានប្រជាពលរដ្ឋរស់នៅច្រើនជាងគេ។ ចំណែកកោះផ្សេងៗទៀតមិនសូវមានប្រជាពលរដ្ឋរស់នៅទេ និងកោះតូចៗខ្លះមិនមានមនុស្សរស់នៅតែម្តង។
លោកបានបន្តថា ក្នុងចំណោមកោះទាំង ៣០ មានកោះចំនួន ១៩ ដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់គោលការណ៍ វិនិយោគ ដល់ក្រុមហ៊ុនឯកជនចំនួន ២៤ ក្រុមហ៊ុន ។ ក្នុងនោះនៅក្រុងព្រះសីហនុមានក្រុមហ៊ុនចំនួន៤ វិនិយោគលើកោះចំនួន ៤ រួមមានកោះដែកគោល កោះត្រេះ កោះពស់ និងកោះថាស ឬកោះកោងកាង ។ ចំណែកនៅក្រុងកោះរ៉ុង មានក្រុមហ៊ុនចំនួន ៧ វិនិយោគលើកោះចំនួន ៩ រួមមានកោះរ៉ុង កោះរ៉ុងសន្លឹម កោះអូន កោះបង (កោះសង្សារ) កោះតាង កោះកូន កោះមួយ កោះពីរលិច,កោះពីរកើត ។
រីឯនៅស្រុកព្រៃនប់មានក្រុមហ៊ុនចំនួន ១៣ វិនិយោគលើកោះចំនួន៦ រួមមាន៖កោះប្រ៊ីស ឬកោះចន្លុះ កោះស្រមោច កោះក្របី កោះឬស្សី កោះតាកៀវ និងកោះថ្មី៕
Post a Comment