ក្រសួងមហាផ្ទៃអនុញាតិអោយបើកវគ្គបណ្តុះបណ្តាលសិស្សនគរបាលជាតិឡើងវិញ ដោយសារប្រទេសយើងបានធូរស្រាលពីជម្ងឺកូវីដ១៩

នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានបញ្ជាក់ថា ក្រសួងមហាផ្ទៃបានអនុញាតិអោយបើកដំណើរការសាលានគរបាលជាតិទូទាំងប្រទេសឡើងវិញ ដោយសារតែរាជរដ្ឋាភិបាលកម្ពុជាបានចាក់ស្រោចវ៉ាក់សាំងនៅតាមតាមសហគម និងអាចទប់ស្កាត់បាននូវការឆ្លងរាលដាលជម្ងឺកូវីដ១៩ចំពោះប្រជាពលរដ្ឋទូទៅ ក្រោយពីបានបិទមួយរយៈរួចមក។ ឯកឧត្តមបានថ្លែងបែបនេះ ក្នុងពេលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលសិស្សនគរបាលជាតិ នៅសាលានគរបាលជាតិភូមិភាគ៦ ស្ថិតឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ឯកឧត្តមបានបន្តថា៖ ក្នុងពេលពិភពលោកកំពុងរាតត្បាតដោយជម្ងឺកូវីដ១៩ ប្រទេសកម្ពុជាយើងក៏ជាប្រទេសរងគ្រោះមួយដែរ ដែលមានប្រជាជនបានស្លាប់ និងឆ្លងដោយជម្ងឺដ៏កាចសាហាវមួយនេះ។ ក៏ប៉ុន្តែ ដោយសារការយកចិត្តទុកដាក់ និងគិតគូរដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានខិតខំស្វះស្វែងរកវ៉ាក់សាំងមកចាក់ការពារប្រជាជនទាំងអស់នៅក្នុងប្រទេស តាំងពីដូសបឋមរហូតដល់ដូសទី៦ ក្នុងចំណោមនោះ កងកម្លាំងនគរបាលជាតិ ក៏ទទួលបាននូវវ៉ាក់សាំងនេះតាមដូសជាបន្តបន្ទាប់ដូចគ្នាផងដែរ ដែលនាំអោយអាត្រាឆ្លងនៅតាមសហគម បានថយចុះជាលំដាប់ ។ ការខិតខំរបស់សម្តេចតេជោ បាននាំមកវិញនូវការកើនឡើងនូវកំណើនសេដ្ឋកិច្ច និងមានភ្ញៀវទេសចរណ៍មកកំសាន្តក្នុងប្រទេសជាហូរហែរផងដែរ។ កត្តាទាំងនេះ ក្នុងនាមយើងជាមន្ត្រីយុត្តិធម៌បន្តវេន ត្រូវយកចិត្តទុកដាក់លើសុខភាពរបស់ខ្លួន ការពារកុំអោយឆ្លងជម្ងឺមួយនេះ និងត្រូវនាំគ្នាកំចាត់វាអោយចេញពីប្រទេសយើងអោយបាន។

ឯកឧត្តមបានបន្តថា៖ ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសក្រោមកិច្ចដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បណ្ឌិត្យសភានគរបាលកម្ពុជា បានដាក់ចេញនូវ ផែនការយុទ្ធសាស្ត្រ រយៈពេល៥ឆ្នាំ និងកម្មវិធីកំណែទម្រង់លើការងារសំខាន់ៗរួមមាន ការងារដឹកនាំ គ្រប់គ្រង ការអភិវឌ្ឍកម្មវិធីអប់រំ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការពង្រឹងវិន័យ និស្សិតសិក្ខាកាម សិស្សនាយនគរបាល និងសិស្សនាយនគរបាលរង។ ការអភិវឌ្ឍធនធានមនុស្ស ការបង្កើតឱ្យមានយន្តការធានាគុណភាពអប់រំផ្ទៃក្នុង ការបង្កើតឱ្យ មានវប្បធម៌គុណភាព ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងសម្ភារសិក្សា ការពង្រឹងសមត្ថភាពស្រាវជ្រាវវិទ្យាសាស្ត្រ នគរបាល និងការពង្រឹងពង្រីកកិច្ចសហការប្រតិបត្តិការជាតិនិងអន្តរជាតិ សំដៅលើកកម្ពស់គុណភាពអប់រំបណ្ដុះបណ្ដាល ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការអង្គភាពប្រើប្រាស់កងកម្លាំងនគរបាលជាតិ ស្របតាមទិសដៅរបស់ក្រសួងមហាផ្ទ និងគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ៕

Powered by Blogger.