ឯកឧត្តម គន់ គីម ស្នើឲ្យមន្រ្តីជំនាញពិនិត្យបង្ការការពារករណីបាក់ស្ពានព្រែកថី ខណៈទឹកបន្តហូរខ្លាំង

 ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានស្នើដល់អាជ្ញាធរជំនាញពិនិត្យ និងរិះរកដំណោះស្រាយ ដើម្បីបង្ការការពារករណីបាក់ស្ពានព្រែកថី បន្ទាប់ពីមានផ្ទះរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារបាក់ស្រុត។

ការស្នើរបស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) ក្នុងពេលអញ្ជើញពិនិត្យស្ថានភាពបាក់ច្រាំង និងចែកអំណោយដល់ប្រជាពលរដ្ឋប្រមាណ៧០គ្រួសារ បន្ទាប់ពីទឹកហូរខ្លាំងបង្កធ្វើឲ្យផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួនលិចចូលព្រែកថី ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។

ក្រោយពីពិនិត្យតាមដងព្រែក ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម តាងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ បានសម្តែងការសោកស្តាយជាមួយប្រជាពលរដ្ឋរងគ្រោះ ដោយសារឧបទ្ទេវហេតុគ្រោះមហន្តរាយទឹកជំនន់រដូវប្រាំង ដែលបានបង្កឲ្យផ្ទះសម្បែងប្រជាពលរដ្ឋស្រុត និងលិចចូលព្រែកអំឡុងពេលប៉ុន្មានថ្ងៃមុននេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា គ្រោះមហន្តរាយទឹកជំនន់រដូវប្រាំងនេះ បានកើតឡើងលើទូទាំងសកលលោក ដោយសារការបម្រែបម្រួលអាកាសធាតុ និងនិយាយដោយឡែកកម្ពុជា មានភូមិសាស្រ្តមួយចំនួនបានរងគ្រោះដោយសារជំនន់ទឹកភ្លៀង។

ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសទៀតថា ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឆ្លើយតបតម្រូវ​ជាក់ស្តែង​របស់ប្រជាពលរដ្ឋរងគ្រោះ បានសហការជាមួយរដ្ឋបាលខេត្តកណ្តាល និងចូលរួមពីបណ្តាកងទ័ពមកពីបញ្ជាការដ្ឋានកងរក្ស កងពលតូចដឹកជញ្ជូនលេខ៩៩ និងបញ្ជាការដ្ឋានទ័ពពិសេស ប្រមាណ៦០០នាក់ បានធ្វើការរុះរើផ្ទះរបស់​ប្រជាពលរដ្ឋដែល​រងគ្រោះធ្ងន់ធ្ងរចំនួន ៦១ខ្នងផ្ទះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ថ្លែងថា ផ្អែកទៅតាមស្ថានភាពជាក់ស្តែង ទឹកដែលបន្តហូរនេះនឹងមិនអាចថមថយលឿននោះទេ ដែលហេតុនេះច្រាំងសសរស្ពានបេតុងព្រែកថីលើកំណាត់ផ្លូវលេខ ២១អា ក៏អាចជួបប្រទះការបាក់ផងដែរ។ ជាមួយបញ្ហានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូន រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយម ពិនិត្យរកវិធីសាស្រ្តបង្ការករណីបាក់ស្ពានបេតុងព្រែកថីនេះ ដើម្បីបង្ការការប៉ះពាល់ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

បន្ទាប់ពីអញ្ជើញចុះពិនិត្យ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានអញ្ជើញចូលរួមចែកអំណោយជាថវិកា គ្រឿងឧបភោគ បរិភោគ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនប្រជាពលរដ្ឋប្រមាណ៧០គ្រួសារដែលរងគ្រោះ និងរុះរើផ្ទះចេញពីប្របព្រែកថីផងដែរ៕

Powered by Blogger.