ផ្ទះ៤ខ្នងបាក់ចូលព្រែក ខណៈទឹកហូរបុ.កខ្លាំងឲ្យបាក់ច្រាំង ខូចខាត និងបាត់បង់ផ្ទះសម្បែងនៅតាមព្រែកថីនៅក្រុងតាខ្មៅ
ខេត្តកណ្តាល ៖ លោកឧត្តមសេនីយ៌ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ បានដឹកនាំកងកម្លាំង ចុះត្រួតពិនិត្យទាំងយប់ជាបន្ទាន់ ខណៈទឹកហូរបុ.កខ្លាំងធ្វើឲ្យបាក់ច្រាំង ខូចខាត និងបាត់បង់ផ្ទះសម្បែងនៅតាមព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងការចុះត្រួតពិនិត្យនេះលោកឧត្តមសេនីយ៌ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានមានប្រសាសន៌ «ណែនាំឲ្យពលរដ្ឋរើសម្ភារ ចាកចេញពីកន្លែងកំពុងប្រឈម បាក់ស្រុត និងប្រយ័ត្នចំពោះគ្រួសារមានកូនតូចៗ ឱពុកម្តាយចាស់ៗ ហាមពួកគាត់ទៅមើលក្បែរកន្លែងបាក់ស្រុត »។
ចំពោះស្ថានភាពទឹកគិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៤ល្ងាច ម្សិលមិញនេះ ស្ថានភាពទឹកដូចខាងក្រោម៖
១-សង្កាត់កំពង់សំណាញ់បានរងផលប៉ះពាល់ក្នងភូមិចំនួន២គឺ ភូមិព្រែករាំង១ និងភូមិអាចម៍កុកដោយដំណាំអនុផលចំនួន ១៥ហិកតានិងដំណាំផ្សេងៗមានត្រកួនចំនួន១០ហិកតា។
២-សង្កាត់រការខ្ពស់បានរងការប៉ះពាល់២ភូមិគឺ ភូមិព្រែកសំរោង និងភូមិព្រែកថីដោយប៉ះពាល់ផ្ទះប្រជាពលរដ្ឋ បាក់ចូលព្រែកចំនួន៤ខ្នងនិងបានប៉ះពាល់ផ្ទះប្រជាពលរដ្ឋធ្ងន់ធ្ងរចំនួន២៤ខ្នងរួមទាំងប៉ះពាល់បន្លែអនុផលចំនួន១៥ហិកតា៕
Post a Comment