សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរចាកចេញពីសាធារណរដ្ឋម៉ាល់ឌីវ ក្នុងដំណើរនិវត្តន៍មកកាន់រាជធានីភ្នំពេញ

 បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងម៉ាល នៃសាធារណរដ្ឋម៉ាល់ឌីវ ប្រកបដោយ​លទ្ធផល​ដ៏​ត្រចះត្រចង់ រយៈពេល២យប់៣ថ្ងៃរួចមក នៅម៉ោង៨.០០នាទី(ម៉ោងនៅម៉ាល់ឌីវ) ត្រូវនឹងម៉ោង១០.០០នាទី(ម៉ោងនៅកម្ពុជា) ព្រឹកថ្ងៃទី១៧ មករា ឆ្នាំ២០២៣នេះ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ធ្វើ​ដំណើរ​ចាក​ចេញពីទីក្រុងម៉ាល នៃសាធារណរដ្ឋម៉ាល់ឌីវ ក្នុងដំណើរនិវត្តន៍​មក​កាន់​រាជ​ធា​នី​ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

នៅអាកាសយានដ្ឋានអន្តរជាតិវ៉ាឡេណា វត្តមាននៃ​ការ​អញ្ជើញ​ជូន​ដំណើរ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន ឯកឧត្តម អាប់ឌុលឡា សាហ៊ីដ រដ្ឋ​មន្រ្តី​ការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ ឯកឧត្តម អ៊ុង ស៊ាន ឯកអគ្គរាជទូតវិសាមញ និង​ពេញ​សមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋម៉ាល់ឌីវ ព្រមទាំងវត្តមាន ឯកឧត្តម លោក​ជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាល នៃសាធារណរដ្ឋម៉ាល់ឌីវ និងឥស្សរជនការទូត នៃព្រះរា​ជា​ណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋម៉ាល់ឌីវ ជាច្រើនរូប។

តាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោនាយករដ្ឋមន្រ្តី គ្រោង នឹងអញ្ជើញដល់​អាកាសយាន​ដ្ឋាន​អន្តរ​ជាតិភ្នំពេញ នៅវេលាម៉ោង១៥ រសៀល ថ្ងៃនេះ៕





Powered by Blogger.