សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​ម៉ា​ល់​ឌី​វ

នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៣​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម អ៊ី​ប្រា​ហ៊ី​ម ម៉ូ​ហា​មេ​ដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ម៉ា​ល់​ឌី​វ នៅ​ក្នុង​ឱកាស​ដែល​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៣​ថ្ងៃ​នៅ​សាធារណរដ្ឋ​ម៉ា​ល់​ឌី​វ

នៅ​ក្នុង​លទ្ធផល​នៃ​ជំនួប​នោះ​ផង​ដែរ ថ្នាក់ដឹកនាំ នៃ​ប្រទេស​ទាំង​ពីរ បាន​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ក្រោយ​ជំនួប​ថា ថ្នាក់ដឹកនាំ​ទាំង​ពីរ បាន​ពិភាក្សា​គ្នា​ទៅ​លើ​កិច្ច​សហប្រតិបត្តិការ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។ ឯកឧត្តម​ប្រធានាធិបតី​ម៉ា​ល់​ឌី​វ បាន​មាន​ប្រសាសន៍​ថា ឯកឧត្តម​ពិតជា​មានការ​រីករាយ ដែល​អាច​ឃើញ និង​សម្រេច​បាន​កិច្ចព្រមព្រៀង​ទិដ្ឋាការ រវាង​ប្រទេស​យើង​ទាំង​ពីរ ។
ឯកឧត្តម​បាន​បញ្ជាក់​ថា ប្រជាជន​ម៉ា​ល់​ឌី​វ និង​ប្រជាជន​កម្ពុជា អាច​ធ្វើ​ដំណើរ​ដោយ​សេរី ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ សម្រាប់​រយៈពេល ៣០​ថ្ងៃ​។
ឯកឧត្តម​បាន​មាន​ប្រសាសន៍​ថា ប្រទេស​យើង​ទាំង​ពីរ បាន​ពិភាក្សា​គ្នា​លើ​ការ​ផ្លាស់​ប្ដូរ ចែករំលែក​បទ​ពិសោធន៍​លើ​វិស័យ​បដិសណ្ឋារកិច្ច នៃ​វិស័យ​ទេសចរណ៍ រវាង​ប្រទេស​ទាំង​ពីរ ។
ឯកឧត្តម​បាន​មាន​ប្រសាសន៍​ជម្រាប​ជូន​ថា ប្រទេស​ម៉ា​ល់​ឌី​វ នឹង​ផ្ដល់​កម្មសិក្សាការី​កម្ពុជា​ចំនួន​២០​នាក់ ទៅ​តាម Resort ផ្សេង​ៗ ដើម្បី​បង្កើន​នូវ​ចំណេះ​ជំនាញ​ផ្នែក​វិស័យ​ទេសចរណ៍​។
ជាមួយ​គ្នា​នោះ​ផង​ដែរ ឯកឧត្តម ក៏​រីករាយ​ក្នុង​ការ​ផ្ដល់​ការ​ហ្វឹកហាត់​ដល់​មន្ត្រី​ការពារ​ជាតិ​របស់​កម្ពុជា ក្នុង​ការ​ហ្វឹកហាត់​មុជ​ទឹកជា​មូលដ្ឋាន​ក្នុង​ប្រទេស​ម៉ា​ល់​ឌី​វ សម្រាប់​ឆ្នាំ​២០២៣ ដែល​រៀបចំ​ឡើង​ដោយ​ឆ្មាំ​សមុទ្រ​ម៉ា​ឌី​វ ។
ក្នុង​នោះ ឯកឧត្តម​ក៏​បាន​មាន​ប្រសាសន៍​ទៀត​ថា ប្រទេស​ម៉ា​ល់​ឌី​វ នឹង​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា មក​សិក្សា​នៅ​សាកលវិទ្យាល័យ​ជាតិ នៃ​ប្រទេស​ម៉ា​ឌី​វ​ផង​ដែរ​។
នៅ​ឱកាស​នោះ​ផង​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​នាំ​យក​នូវ​ការ​ផ្តាំផ្ញើ និង​ការ​អញ្ជើញ​របស់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ឯកឧត្តម​ប្រធានាធិបតី​ម៉ា​ល់​ឌី​វ មក​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា ជា​ពិសេស​អំឡុង​ពេល​ដែល​កម្ពុជា​រៀបចំ​ស៊ី​ហ្គេ​ម​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២៣​។
សម្តេច​តេ​ជោ​បាន​ជ្រើសរើស​ផ្លូវ​មួយ​ខ្សែ នៅ​ខេត្ត​មាត់សមុទ្រ ដាក់​ជា​ឈ្មោះ​ជា​ផ្លូវ​មិត្តភាព​កម្ពុជា​-​ម៉ា​ល់​ឌី​វ ហើយ នឹង​រក​ពេលវេលា​សម​ស្រប​ណាមួយ ដើម្បី​សម្ពោធ​រួម​គ្នា​តែ​ម្ដង​។ សម្តេច​តេ​ជោ​ក៏​បាន​ស្នើ​ឱ្យ​មានការ​ពង្រីក​វិសាលភាព​វិស័យ​វប្បធម៌​រវាង​កម្ពុជា​-​ម៉ា​ល់​ឌី​វ ផង​ដែរ​។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏​លើក​ឡើង​អំពី​ការ​ផ្តល់​អាហា​រូ​ករ​ណ៍​ទៅ​វិញ​ទៅ​មក​ដល់​និស្សិត​កម្ពុជា និង​ម៉ា​ល់​ឌី​វ ទទួល​បាន​នូវ​ការ​សិក្សា​ចំណេះដឹង​ផ្សេង​ៗ​រវាង​ប្រទេស​ទាំង​ពីរ​។ សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា ប្រទេស​ម៉ា​ល់​ឌី​វ​ជា​តំបន់​ទេសចរណ៍​ដ៏​គួរ​ឱ្យ​ទាក់ទាញ ហើយ​សម្តេច​ចង់ឱ្យ​តំបន់​តារា​សាគរ​របស់​ប្រទេស​កម្ពុជា អភិវឌ្ឍ​ដូច​មាត់សមុទ្រ​ម៉ា​ល់​ឌី​វ ដែរ​។
សម្តេច​តេ​ជោ សង្ឃឹមថា អង្ករ​កម្ពុជា ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​១ រយៈពេល​៥​ឆ្នាំ និង​កំពុង​ឈរ​លេខ​១ នឹង​ទទួល​បានការ​ពេញ​និយម​ពី​ប្រជាជន​ម៉ា​ល់​ឌី​វ និង​ភ្ញៀវ​ទេសចរ​ក្នុង​ប្រទេស​នេះ​។
ជាមួយ​គ្នា​នោះ សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា ផលិតផល​ត្រី​របស់​ម៉ា​ល់​ឌី​វ ក៏​អាច​នាំ​ទៅ​កាន់​ប្រទេស​កម្ពុជា​ផង​ដែរ ជា​ពិសេស​សម្រាប់​ត្រីខកំប៉ុង​ដែល​កម្ពុជា​ត្រូវការ​ច្រើន​បំផុត​ក្នុង​មួយ​ឆ្នាំ​ៗ​។
សម្តេច​តេ​ជោ​សង្ឃឹមថា ម៉ា​ល់​ឌី​វ ក៏​នឹង​គាំទ្រ​កម្ពុជា ក្នុង​ការ​ក្លាយជា​សមាជិក​សង្កេតការណ៍ នៃ​អង្គការ OIC នៅ​ពេល​ខាង​មុខ​។ ក្រៅពី​នោះ ថ្នាក់ដឹកនាំ​ទាំង​ពីរ​ក៏​បាន​ជជែក​ពិភាក្សា​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត នា​ពេល​ខាង​មុខ​៕
Powered by Blogger.