កាកបាទក្រហមកម្ពុជា ផ្តល់ជំនួយសប្បុរសធម៌ជាថវិកា មួយសែនដុល្លារអាមេរិក ដល់ប្រទេសតួកគី

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ប្រកាសផ្តល់ជំនួយជាថវិកាសប្បុរសធម៌ចំនួន ១០០ ០០០ដុល្លារអាមេរិក ជូនដល់ប្រទេសតួកគី បន្ទាប់ពីប្រទេសនេះ រងការបំផ្លិចបំផ្លាញយ៉ាងធំធេង ដោយការរញ្ជួយដីកម្រិត ៧,៨ វ៉ិចទ័រ ដែលបានវាយប្រហារនៅភាគខាងត្បូង កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣។ នេះបើតាមការផ្សាយរបស់កាកបាទក្រហមនៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

ការបញ្ជាក់នេះធ្វើឡើងតាមរយៈ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ដែលដឹកនាំគណៈប្រតិភូ ចូលរួមរំលែកទុក្ខ និងប្រគល់សាររំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ព្រមទាំងនាំយកថវិកា ១០០ ០០០ដុល្លារអាមេរិក ដើម្បីគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌របស់សមាគមជាតិ អឌ្ឍចន្ទក្រហមតួកគី តាមរយៈ លោកជំទាវ អ៊ូឃូ ខូចាអេសហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋតួកគី ប្រចាំកម្ពុជា​ ក្នុងការជួយដល់ប្រជាពលរដ្ឋតួកគីដែលរងគ្រោះរញ្ជួយដីកាលពីពេលថ្មីៗនេះ។

នៅក្នុងសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា៖ «ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ខ្ញុំមានការតក់ស្លុត និងសោកស្ដាយជាខ្លាំងចំពោះសោកនាដកម្មនៃការបាត់បង់ជីវិត និងការបំផ្លិចបំផ្លាញយ៉ាងធំធេង ដោយការរញ្ជួយដីដ៏អាក្រក់បំផុតនេះ ហើយក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមផ្ញើជូន លោកជំទាវ ឯកអគ្គរដ្ឋទូត នូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងក្តីអាណិតអាសូរដ៏ក្រៀមក្រំបំផុត ចំពោះការបាត់បង់មនុស្សជាទីស្រលាញ់ និងក្រុមគ្រួសារជនរងគ្រោះ ដែលពេលនេះកំពុងស្រែករកជំនួយ និងឧបត្ថម្ភ ទាំងខាងស្មារតី និងបច្ចេកទេស ក្នុងកាលៈទេសៈលំបាកបែបនេះ»។

បន្ថែមពីលើនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បញ្ជាក់ថានឹងចូលរួមជាមួយលោកជំទាវឯកអគ្គរដ្ឋទូត ក្នុងការអំពាវនាវសុំជំនួយបន្ថែមទៀត និងអធិដ្ឋានសម្រាប់ការសង្គ្រោះ និងការស្ដារឡើងវិញយ៉ាងឆាប់រហ័សនៃតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញ ព្រមទាំងសុខុមាលភាពរបស់ប្រជាជនតួកគី៕





Powered by Blogger.