ខ្លឹមសាររបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្ត្រីឡាវ
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងការណ៍ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយឯកឧត្តម សន សៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បន្ទាប់ពីថ្នាក់ដឹកនាំទាំងពីរ បានបញ្ចប់កិច្ចពិភាក្សាទ្វេភាគី គ្រាដែលសម្តេចតេជោបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ច នៅប្រទេសឡាវ។
នៅក្នុងសន្និសីទសារព័ត៌មាន សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រទេសឡាវ គឺជាធុងអាគុយ នៃអគ្គិសនីតំបន់អាស៊ាន ហើយកម្ពុជា ជាទីផ្សារមួយ ដែលមានតម្រូវការអគ្គិសនីពីប្រទេសឡាវ ដូច្នេះហើយ យើងផ្តល់ការយកចិត្តទុកដាក់ សហការគ្នា ទៅលើបញ្ហាអគ្គិសនី និងបញ្ហាទាក់ទងនឹងធ្យូងថ្ម។
សម្តេច បានមានប្រសាសន៍ទៀតថា យើងបានយល់ស្របជាមួយគ្នា ទាក់ទងនឹងការតភ្ជាប់រវាងខេត្តចំប៉ាសាក់ ជាមួយខេត្តព្រះវិហារ និងរវាងខេត្តអាតាពើ ជាមួយខេត្តរតនគីរី ដែលនេះជាការផ្តល់នូវអំណោយផល សម្រាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ យើងក៏បានពិភាក្សាគ្នា ទាក់ទិននឹងការតភ្ជាប់ផ្លូវដែករវាងកម្ពុជា និងឡាវ ក៏ដូចជា ប្រទេសដទៃទៀតផងដែរ។
សម្តេចបានមានប្រសាសន៍បន្ថែមទៀតថា ការពិភាក្សារបស់យើង ក៏គ្របដណ្តប់ទៅលើបញ្ហាវិស័យទេសចរណ៍ ដែលមានការតភ្ជាប់វិស័យទេសចរណ៍តាមផ្លូវគោក និងវិស័យទេសចរណ៍តាមផ្លូវអាកាស ដែលអាចតភ្ជាប់បណ្តាទីក្រុង ជាពិសេសហ្លួងព្រះបាទ ទៅសៀមរាប និងភ្នំពេញ ដែលផ្តល់ឱកាស សម្រាប់អ្នកទេសចរបង្វែរគោលដៅពីកម្ពុជា មកឡាវ និងពីឡាវ មកកម្ពុជាផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា កម្ពុជានឹងប្រគល់អ្នកទោសជនជាតិឡាវ និងថៃ ដែលជាប់ពន្ធនាគារនៅកម្ពុជា ទៅឱ្យប្រទេសទាំងពីរនេះវិញ នៅមុនបុណ្យចូលឆ្នាំថ្មី ខណៈដែលកម្ពុជា ឡាវ និងថៃ មានមហាសង្ក្រាន្ត ក្នុងពេលតែមួយរួមគ្នា។
សម្តេចក៏បានជំរុញឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការងារនេះ ដើម្បីបញ្ជូនអ្នកទោសជនជាតិថៃ និងឡាវ ឱ្យបានត្រឡប់ទៅប្រទេសថៃ និងឡាវវិញ នៅមុនបុណ្យចូលឆ្នាំខ្មែរផងដែរ។
សម្តេច បានបញ្ជាក់ថា សម្តេចក៏បានប្រាប់ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលគ្រប់គ្រងពន្ធនាគារ សហការជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការងារនេះឱ្យបានឆាប់ផងដែរ៕
Post a Comment