សម្ពោធដាក់ឱ្យប្រើប្រាស់ទីលានទុកសំរាមធំៗ២ នៅកំពង់ឆ្នាំង និងពោធិ៍សាត់
ទីលានទុកដាក់សំរាម ក្រុងកំពង់ឆ្នាំង និងក្រុងពោធិ៍សាត់ នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី១ ដោយកម្ចីឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។
កម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់នៃគម្រោងទាំងពីរនេះត្រូវបានចូលរួមដោយឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ទីលានទុកដាក់សំរាមក្រុងកំពង់ឆ្នាំង ត្រូវបានសាងសង់លើផ្ទៃដីទំហំជាង ១០ហិកតា មានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ហើយស្ថិតនៅក្រោមការគ្រប់គ្រង និងកសាងដោយក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្ដើមតាំងពីខែមេសា ឆ្នាំ២០២០។
ចំណែក ទីលានទុកដាក់សំរាមនៅក្រុងពោធិ៍សាត់ មានផ្ទៃដីទំហំប្រមាណជាង ១៥ហិកតា មានទីតាំងស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ដែលសាងសង់ឡើងក្រោមកម្ចីសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រមាណ១,៦លានដុល្លារ។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ថា គម្រោងទាំងពីរនេះបានជួយលើកកម្ពស់អនាម័យ និងគុណភាពនៃការរស់នៅល្អជូនប្រជាពលរដ្ឋ ដែលជំរុញឱ្យអត្រារស់រានមានជីវិតរបស់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្នមានសុខភាពល្អ និងអាយុយឺនយូរ៕
Post a Comment