រដ្ឋកាត់ដី ១៥ម៉ឺនហិកតា នៅខេត្តកោះកុងទុកជាដីបម្រុងរដ្ឋ
រដ្ឋាភិបាលបានកាត់ដីពីតំបន់ការពារបរិស្ថានរបស់ក្រសួងបរិស្ថាន និងដីពីក្រសួងកសិកម្មនៅក្នុងខេត្តកោះកុង ទៅជាដីបម្រុងរដ្ឋសរុបចំនួន ១៥ ម៉ឺនហិកតា ដែលរហូតដល់បច្ចុប្បន្ននេះ រដ្ឋបាលខេត្តបានចែកជូនប្រជាជនអស់ចំនួនជាង ៥ ម៉ឺនហិកតាហើយ។
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានមានប្រសាសន៍នៅថ្ងៃទី២១ ខែកុម្ភៈ ថា នៅក្នុងអនុក្រឹត្យបានកំណត់ថាឲ្យកាត់ដីទំហំ ១២៦.០០០ ហិកតាពីតំបន់ការពារបរិស្ថាននៃក្រសួងបរិស្ថាន សម្រាប់ធ្វើជាដីឯកជនរបស់រដ្ឋ ដែលគ្រប់គ្រងដោយរដ្ឋបាលខេត្តកោះកុង សម្រាប់ធ្វើប្រទានកម្មជូនប្រជាពលរដ្ឋរស់នៅ និងអាស្រ័យផលជាក់ស្តែងក្នុងខេត្ត។លោកអភិបាលរងបន្តថា ក្រៅពីដីធ្លីបម្រុង ដែលបានមកពីតំបន់ការពារបរិស្ថាន រដ្ឋបាលខេត្តកោះកុងក៏មានដីបម្រុងប្រមាណជាង ២.៥០០០ហិកតា បានមកពីដីធ្លីកសិកម្ម ដែលនាំឱ្យចំនួនដីបម្រុងសរុបកើនដល់ជាង ១៥០.០០០ ហិកតា។ ក្នុងនោះ ក្រោយពីការកាត់ជ្វៀលដីធ្លីពីតំបន់ការពារបរិស្ថានចំនួន ៨ តំបន់ រដ្ឋបាលខេត្តកោះកុងបានដាក់ដីបម្រុងចំនួន ៣៧.០០០ ហិកតា ក្នុងគម្រោងរេដបូកឥណទានកាបូនផងដែរ។
លោកអភិបាលរងខេត្តបានបញ្ជាក់ថា រហូតមកទល់នឹងពេលនេះ ក្នុងចំណោមដីបម្រុងសរុបនោះ រដ្ឋបាលខេត្តបានចេញបណ្ណកម្មសិទ្ធិ បានប្រមាណជាង ៥ម៉ឺនហិចតា និងនៅសល់ប្រមាណជាង ៩ ម៉ឺនហិចតាទៀត។
លោកបានបន្តថា “យើងកំពុងតែបន្តចុះបញ្ជីដីធ្លីជាប្រព័ន្ធទៅដល់បងប្អូនប្រជាពលរដ្ឋបន្តទៀត។ ឥឡូវក្រុមចុះបញ្ជីជាប្រព័ន្ធរបស់យើងមានចំនួន ៤ក្រុម សម្រាប់ធ្វើការនៅក្នុងខេត្តកោះកុង”។
លោកអភិបាលខេត្តបានបញ្ជាក់ឲ្យដឹងថា នៅក្នុងការកាត់ជឆ្វៀលដីធ្លីនេះមានលក្ខណៈខុសពីយុទ្ធនាការ “បប០១” ដោយការកាត់ឆ្វៀលនេះគ្រាន់តែដូរពីដីរបស់រដ្ឋ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន និងក្រសួងកសិកម្ម មកជាដីរបស់រដ្ឋ ដែលគ្រប់គ្រងដោយរដ្ឋបាលខេត្តកោះកុង ដើម្បីមានភាពងាយស្រួល ក្នុងការធ្វើប្រទានកម្ម ចែកជូនដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តសម្រាប់ប្រកបរបរ៕
Post a Comment