អង់គ្លេសបញ្ជូនឈុតគ្រឿងអលង្ការមាសដែលជារតនវត្ថុដ៏មានតម្លៃវិសេសវិសាលចំនួន៧៧ឲ្យកម្ពុជាវិញ

ភ្នំពេញ៖ គណៈកម្មការទី៧នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការស្វាគមន៍ និងមានសេចក្តីត្រេកអរ បន្ទាប់ពីរដ្ឋាភិបាលអង់គ្លេស បានសម្តេចបញ្ជូនឈុតគ្រឿងអលង្ការមាសដែលជារតនវត្ថុដ៏មានតម្លៃវិសេសវិសាល ចំនួន៧៧ មកឲ្យកម្ពុជាវិញ។

តាមរយៈផេកហ្វេសបុកផ្ទាល់របស់គណៈកម្មការទី៧នៃរដ្ឋសភា ដែលបានបង្ហោះនាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានលើកឡើងថា«សូមអបអរសាទរ និងស្វាគមន៍មាតុភូមិនិវត្តន៍នៃវត្ថុបុរាណទាំង៧៧»។ តាមរយៈផេកនេះបានលើកឡើងទៀតថា គណៈកម្មការទី៧នៃរដ្ឋសភា សូមចូលរួមអបអរសាទរប្រកបដោយក្តីមោទនៈចំពោះដំណើរត្រលប់មកកម្ពុជាវិញនូវឈុតគ្រឿងអលង្ការមាសដែលជារតនវត្ថុដ៏មានតម្លៃវិសេសវិសាល ចំនួន ៧៧រូប ពីចក្រភពអង់គ្លេស។ 

គណៈកម្មការទី៧ នៃរដ្ឋសភា សូមបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង និងសូមកោតសរសើរចំពោះបេសកកម្មដ៏ថ្លៃថ្លារបស់ក្រសួងវប្បធម៌ និងវិចត្រសិល្បៈ ជាបន្តបន្ទាប់ ជាពិសេសការទាមទារត្រឡប់វិញបានដោយជោគជ័យនូវវត្ថុបុរាណខ្មែរនានា ដែលត្រូវបានដឹកចេញពីប្រទេសកម្ពុជាក្នុងអំឡុងពេលសង្រ្គាម។ជាមួយគ្នានេះ គណៈកម្មការទី៧ សូមវាយតម្លៃខ្ពស់ចំពោះទង្វើដ៍ថ្លៃថ្លា និងទឹកចិត្តសប្បុរសទាំងអស់របស់ប្រទេសនានា ព្រមទាំងសប្បុរសជនអន្តរជាតិជាច្រើន ដែលបានប្រគល់ដោយស័្មគ្រចិត្តនូវវត្ថុបុរាណខ្មែរជាច្រើនរួមមាន បដិមាថ្ម គ្រឿងអលង្ការ ឆ្អឹងសពបុរាណ ព្រះពុទ្ធបដិមា សិលាស្លឹករឹត និងវត្ថុតូច ធំ មួយចំនួនទៀតជាបន្តបន្ទាប់មកកម្ពុជា តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាសេនាធិការ។











Powered by Blogger.