៧ចំនុចនេះ ធ្វើឱ្យក្រុងព្រះសីហនុជាប់ជ័យលាភីទីក្រុងស្អាតរំដួល ៣ ទង
ក្រុងនិងខណ្ឌចំនួន៧ បានទទួលបានជ័យលាភីផ្ការំដួល៣ទង ពីការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ (២០២២~២០២៥) ដោយផ្អែកលើការវាយតម្លៃលើសូចនាករចំនួន៧ចំណុច។
ក្នុងការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ នេះ គណៈកម្មាធិការជាតិវាយតម្លៃដោយផ្អែកលើ សូចនាករគោលចំនួន ៧ សូនាករលម្អិតចំនួន ៤១ និងចែកចេញជា ១១៣ លក្ខណវិនិច្ឆ័យ (ស្មើនឹង ១២០ពិន្ទុ)។
ក្នុងនោះ សូចនាករគោលមានចំនួន៧ រួមមាន ទី១ ការរៀបចំ និងគ្រប់គ្រងបរិស្ថាន ទី២ ភាពស្អាត ទី៣ ការគ្រប់គ្រងសំណល់ ទី៤ ការបញ្ជ្រាបការយល់ដឹង ទី៥ តំបន់បៃតង ទី៦ សុវត្ថិភាព សុខាភិបាល សន្តិសុខ និងសណ្តាប់ធ្នាប់ទីក្រុង និងទី៧ ហេដ្ឋារចនាសម្ព័ន្ធ និងសម្បទានទេសចរណ៍។
សម្រាប់ស្លាកសញ្ញារំដួល ៣ទង នឹងត្រូវប្រគល់ជូន ទីក្រុងណាដែលទទួលបានពិន្ទុចន្លោះពី៩០ និង១២០ រំដួល ២ទង ចន្លោះពី៧២ និង៨៩ រំដួល ១ទង ពិន្ទុចន្លោះពី៤៨ និង៧១។
ចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ មានបេក្ខភាពក្រុង/ខណ្ឌ ចូលប្រណាំងសរុបចំនួន៤១ (១៤ខណ្ឌ និង ២៧ក្រុង) ក្នុងនោះមានបេក្ខភាពចំនួន៣៨ ដែលទទួលបានជ័យលាភី។
ជ័យលាភីផ្ការំដួល ៣ទង មានចំនួន៧ (៦ ក្រុង និង ១ខណ្ឌ) ជាអាទិ៍៖ ក្រុងព្រះសីហនុ, ក្រុងបាត់ដំបង ក្រុងសៀមរាប ខណ្ឌដូនពេញ ក្រុងកែប ក្រុងកំពត និងក្រុងកំពង់ចាម។
សម្រាប់ជ័យលាភីផ្ការំដួល២ទង មានចំនួន១៧ (១៤ក្រុង និង ៣ខណ្ឌ) រួមមាន៖ ក្រុងកំពង់ឆ្នាំង, ក្រុងបានលុង, ក្រុងពោធិ៍សាត់, ក្រុងប៉ោយប៉ែត, ក្រុងច្បារមន, ក្រុងក្រចេះ, ក្រុងសិរីសោភ័ណ, ក្រុងស្ទឹងសែន, ក្រុងសួង, ខណ្ឌទួលគោក, ខណ្ឌ៧មករា, ក្រុងព្រៃវែង, ក្រុងស្វាយរៀង, ខណ្ឌដង្កោ, ក្រុងសែនមនោរម្យ, ក្រុងប៉ៃលិន, និងក្រុងតាខ្មៅ, សម្រាប់ជ័យលាភីផ្កា
រំដួល១ទង មានចំនួន១៤ (៦ ក្រុង និង ៨ខណ្ឌ) ជាអាទិ៍មាន៖ ក្រុងស្ទឹងត្រែង, ក្រុងព្រះវិហារ, ខណ្ឌសែនសុខ, ក្រុងសំរោង, ក្រុងបាវិត, ខណ្ឌចំការមន, ខណ្ឌជ្រោយចង្វារ, ខណ្ឌព្រែកព្នៅ, ខណ្ឌពោធិ៍សែនជ័យ, ក្រុងដូនកែវ, ក្រុងខេមរភូមិន្ទ, ខណ្ឌមានជ័យ, ខណ្ឌច្បារអំពៅ និងខណ្ឌបឹងកេងកង។
លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា គោលបំណងសំខាន់នៃចលនាប្រឡងប្រណាំងទីក្រុងស្អាត គឺធ្វើយ៉ាងណាឱ្យ ក្រុង/ខណ្ឌ រាជធានី-ខេត្ត ទាំងអស់មានការគ្រប់គ្រង និងអភិវឌ្ឍទីក្រុង/ខណ្ឌ របស់ខ្លួនឱ្យក្លាយជាទីក្រុងស្អាត ជាទីក្រុងឆ្លាតដែលមានលក្ខណៈប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច មានភាពទាក់ទាញផ្នែកទេសចរណ៍ មានកិច្ចគាំពារបរិស្ថាន ប្រកបដោយចីរភាពនិងការទទួលខុសត្រូវសង្គម៕
Post a Comment