អង្គការសុខភាពពិភពលោកផ្ដល់ឱសថចំនួន៣ពាន់ដូសសម្រាប់ឆ្លើយតបការរាតត្បាតផ្តាសាយបក្សី H5N1 នៅខេត្ត ព្រៃវែងនិងខេត្តដទៃទៀតក្នុងប្រទេសកម្ពុជា

អង្គការសុខភាពពិភពលោក (WHO) បានផ្ដល់ឱសថឈ្មោះ Tamiflu (oseltamivir ) សម្រាប់ព្យាបាលនិងបង្ការជំងឺផ្តាសាយបក្សី ចំនួន៣ពាន់ដូស ដល់ក្រសួងសុខាភិបាលកម្ពុជា តាមរយៈនាយកដ្នានប្រយុទ្ធនឹងជំងឺឆ្លង សម្រាប់ប្រើឆ្លើយតបការរាតត្បាតផ្តាសាយបក្សី H5N1 នៅខេត្តព្រៃវែង និងខេត្តដទៃទៀតក្នុងព្រះរាជាណាចក្រកម្ពុជា ដែលអាចកើតមានរាតត្បាតជាយថាហេតុ។

នេះបើតាមការចេញផ្សាយលើផេកផ្លូវការរបស់នាយកដ្នានប្រយុទ្ធនឹងជំងឺឆ្លង(CDC) នាព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំៗ០២៣។

បើតាមអង្គការ WHO បានឱ្យដឹងបច្ចុប្បន្នភាព ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៣ រហូតដល់ពេលនេះ នៅក្នុងប្រទេសយើងមានជំងឺផ្តាសាយចំនួន២ករណី ។ ករណីទី១ ជាកុមារីអាយុ១១ឆ្នាំបានស្លាប់ និងករណីទី២ ជាឪពុកកុមារី បានជាសះស្បើយយនិងចេញពីមន្ទីរពេទ្យថ្ងៃនេះ។ តាមលទ្ធផលអង្គេតស្រាវជ្រាវរកឃើញថា ពួកគាត់ទាំង២នាក់ឆ្លងមកពីសត្វបក្សីក្នុងភូមិ មិនមានការរកឃើញឆ្លងពីឪពុកនិងកូនទេ។

ដោយឡែកកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ ១៩ បានបញ្ជាក់អំពីឱ្យដឹងថា ស្ថានភាពជំងឺផ្តាសាយ បក្សី H5N1)នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ប្រទេសកម្ពុជា ពេលនេះកំពុងស្ថិតក្រោមការ គ្រប់គ្រងហើយ។ មានតែ ២ ករណីនៃ H5N1 ត្រូវបានរកឃើញមកទល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលបញ្ជាក់ ដោយមន្ទីរពិសោធន៍។ ក្មេងស្រីម្នាក់ (អាយុ ១១ឆ្នាំ ៦ខែ) បានទទួលមរណភាព ហើយឪពុករបស់នាង បានបញ្ជាក់ ថា មានផ្ទុកមេរោគ H5N1 ក្រោមការមើលថែទាំ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក។ បន្ទាប់ពីព្យាបាលគាត់ វត្ថុ សំណាកបន្ថែមរបស់គាត់ត្រូវបានយកទៅធ្វើតេស្ត និងទទួលបានលទ្ធផលអវិជ្ជមានទទួលព័ត៌មាននៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ប៉ុន្តែគាត់នៅតែស្ថិតក្នុងមន្ទីរពេទ្យដើម្បីបញ្ចប់វគ្គព្យាបាលរបស់គាត់តាមពិធីការនៃការប្រើប្រាស់ថ្នាំ។ សរុបវត្ថុសំណាកចំនួន ២៩ (អ្នកប៉ះពាល់ផ្ទាល់ ១៦នាក់ និង អ្នកមានជំងឺដូចជាគ្រុនផ្តាសាយ ១៣នាក់) ដែល ប្រមូលបានដោយក្រុមអង្កេតស្រាវជ្រាវត្រូវបានធ្វើតេស្តនៅមន្ទីរពិសោធន៍ទទួលបានលទ្ធផលអវិជ្ជមានទាំងអស់។

លោកជំទាវក៏បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋ បន្តការប្រុងប្រយ័ត្ន និងដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនលោកអ្នក សូមអនុវត្តវិធានការការពារដោយលាងដៃជាមួយ សាប៊ូ និងទឹកស្អាតឱ្យបានទៀងទាត់ មិនត្រូវប៉ះ ឬនៅឱ្យឆ្ងាយពីសត្វបក្សីឈឺ ឬងាប់ បរិភោគអាហារឆ្អិនល្អ... ជាដើម។ បើមានករណីសង្ស័យ សូមរាយការណ៍មកអាជ្ញាធរសុខាភិបាលមូលដ្ឋាន ឬ បើមានរោគសញ្ញាសង្ស័យ ត្រូវទៅពិនិត្យ សុខភាពនៅមន្ទីរពេទ្យក្បែរនោះ ឬទូរស័ព្ទទៅលេខ ១១៥


Powered by Blogger.