ឯកឧត្តម ស សុខា អញ្ជើញជាអធិបតីពិធីបើកសន្និបាតប្រចាំឆ្នាំ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា

ភ្នំពេញ ៖ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា នៅសណ្ឋាគារ សុខាភ្នំពេញ។

ក្នុងនាមប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ឯកឧត្តម ស សុខា បានថ្លែងនូវការកោតសរសើរចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា គណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត គណៈគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សា និងក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជន ដែលបានធ្វើកិច្ចសហការគ្នាបានយ៉ាងល្អ និងខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ការប្តេជ្ញាចិត្ត និងមានឆន្ទៈមោះមុត ដោយសម្រេចបានលទ្ឋផលលតាមផែនការកំណត់។

ឯកឧត្តម ស សុខា បានបន្តទៀតថា ការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ធ្វើឡើងក្នុងគោលបំណងដើម្បីបង្ហាញពីសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំកន្លងទៅ ត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារសម្រេចបាន ចំណុចខ្លាំង បញ្ហាប្រឈម ដំណោះស្រាយ និងដាក់ចេញនូវទិសដៅការងារបន្ត។

សូមបញ្ជាក់ថា ដំណើរការអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ប្រព្រឹត្តទៅរយៈពេល ១ថ្ងៃ ដឹកនាំដោយឯកឧត្តម ស សុខា និងពិធីបិទក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា គណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជន ប្រធានក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជន និងថ្នាក់ដឹកនាំដែលជាសមាជិកសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សរុបចំនួន ៤៨០នាក់៕








Powered by Blogger.