សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ផ្ញើសាររំលែកទុក្ខជាមួយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះមរណភាពរបស់លោកជំទាវ ប៊ុន សុថា
ភ្នំពេញ ៖ ថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្ញើសារលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយនឹងមរណភាពរបស់លោកជំទាវ ប៊ុន សុថា ត្រូវជាប្អូនថ្លៃរបស់សម្តេចតេជោ ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។
ក្នុងសារលិខិតរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានកត់សម្គាល់ថា មរណភាពរបស់លោកជំទាវ ប៊ុន សុថា គឺជាការបាត់បង់នូវប្អូន ភរិយា ម្តាយ និងជីដូន ជាទីគោរពស្រលាញ់បំផុតរបស់បងៗ ស្វាមី កូនៗ ក្មួយៗ ចៅៗ និងញាតិមិត្តជិតឆ្ងាយទាំងអស់។
ក្នុងសារលិខិតដដែល ថ្នាក់ដឹកនាំ និងសមាជិក សមាជិការរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានសម្តែងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយនឹងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារទាំងអស់នៃសព ដោយក្តីស្រណោះអាឡោះអាល័យជាទីបំផុត។
ជាមួយគ្នានោះ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ទាំងអស់ សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់លោកជំទាវ ប៊ុន សុថា បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
Post a Comment