សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យ ស្តីពី ការបន្ថែមរបបសន្តិសុខសង្គម សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានចេញអនុក្រឹត្យ ស្តីពី ការបន្ថែមរបបសន្តិសុខសង្គម សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន។
តាមសេចក្តីសម្រេច របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្ន សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ត្រូវបានកែប្រែ និងដំឡើង ដូចខាងក្រោម៖ កម្រិត១ របបសន្តិសុខសង្គមប្រចាំខែ ចាប់ពី ៦៩០ ០០០ រៀល ត្រូវបន្ថែមឱ្យដល់ត្រឹម ៧៧០ ០០០រៀល ក្នុង ១ខែ។ កម្រិត២ របបសន្តិសុខសង្គមប្រចាំខែ ក្នុងចន្លោះចាប់ពី ៧៧០ ០០១រៀល ដល់ត្រឹម ១លានរៀល ត្រូវផ្តល់ជូនបន្ថែមចំនួន ២ម៉ឺនរៀល ក្នុង ១ខែ។ កម្រិត៣ របបសន្តិសុខសង្គម ប្រចាំខែ ពី ១លាន ១រៀល ដល់ត្រឹម ១លាន ១ម៉ឺនរៀល ត្រូវបន្ថែមឱ្យដល់ត្រឹម ១លាន ២ម៉ឺនរៀល ក្នុង ១ខែ។ កម្រិត ៤ របបសន្តិសុខសង្គមប្រចាំខែ ចាប់ពី ១លាន ១ម៉ឺន ១រៀល ឡើងទៅ ត្រូវផ្តល់ជូនបន្ថែមចំនួន ១ម៉ឺនរៀល ក្នុង ១ខែ។
សេចក្តីសម្រេច បានកំណត់ថា អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលទទួលបានការបន្ថែមរបបសន្តិសុខសង្គម ប្រចាំខែខាងលើរួចមកហើយ ពុំអាចទទួលបានកម្រិតផ្សេងទៀតឡើយ។
របបសន្តិសុខសង្គម សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនប្រចាំខែ ដែលបានកំណត់ខាងលើនេះ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣៕
Post a Comment