ផ្លូវជាតិលេខ៤ ប្រវែង៤០គ.មនេះ នឹងត្រូវពង្រីកពី ២គន្លង ទៅជា៤គន្លង
ក្រសួងសាធារណការ និងដឹកជញ្ជូនបាននិងកំពុងពង្រីកផ្លូវជាតិលេខ៤ ប្រវែង ៤០គីឡូម៉ែត្រ ពី ២គន្លង ទៅជា ៤គន្លង ចំណែកជាង ១៥០គីឡូម៉ែត្រទៀតនឹងត្រូវបានពង្រីកដល់ ១០ម៉ែត្រ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ថា ពីដើមឡើយផ្លូវជាតិលេខ៤ មានទទឹងតួផ្លូវតែ ៧ម៉ែត្រប៉ុណ្ណោះ ដោយទទួលបានថវិកាកម្ចីពីធនាគារពិភពលោកប្រមាណ ១១០លានដុល្លារ ក្រសួងបានដាក់ដេញថ្លៃសាងសង់គម្រោងលើកកម្រិតគុណភាពផ្លូវមួយខ្សែនេះ។ ថវិកាខាងលើត្រូវបានបែងចែកចេញជា ៧កញ្ចប់ ក្នុងនោះ៥កញ្ចប់គាំទ្រការសាងសង់ផ្លូវ ខណៈ ២កញ្ចប់ផ្សេងទៀត គាំទ្រការសាងសង់ស្ពាននៅតាមបណ្តោយផ្លូវនេះ។ឯកឧត្តមបានបញ្ជាក់ឱ្យដឹងថា ក្នុងចំណោម ១៩៦គីឡូម៉ែត្រ ផ្លូវជាតិលេខ ៤ ប្រវែងជាង ១៥០គីឡូម៉ែត្រនឹងត្រូវបានពង្រីកទទឹងតួផ្លូវរហូតដល់ ១០ម៉ែត្រ។ ចំណែក ផ្លូវប្រវែង ៤០គីឡូម៉ែត្រផ្សេងទៀតនឹងត្រូវពង្រីកពី ២គន្លង ទៅជា ៤គន្លង។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា បើតាមផែនការដែលបានគ្រោងទុក ផ្លូវប្រវែង ១៧០គីឡូម៉ែត្រ នឹងត្រូវបញ្ចប់នៅដំណាច់ឆ្នាំ២០២៣នេះ ហើយប្រវែង ២៦គីឡូម៉ែត្រទៀតនឹងត្រូវបញ្ចប់ក្នុងឆ្នាំ ២០២៤ខាងមុខ។
ដោយឡែកស្ពានចាស់ចំនួន២៤កន្លែង នឹងត្រូវពង្រីកទំហំទទឹងរហូតដល់១០ម៉ែត្រ និងសាងសង់ស្ពានថ្មីចំនួន០៨កន្លែងទៀត ដោយក្នុងនោះមាន០២កន្លែង ជាទីតាំងដែលតែងតែរងគ្រោះដោយទឹកជំនន់ជារៀងរាល់ឆ្នាំ ដែលបានបណ្តាលឱ្យផ្លូវជាតិលេខ ៤ ត្រូវបានបិទនាពេលកន្លងមក។ ស្ពានសរុបទាំង ៣២កន្លែងនេះ គ្រោងនឹងសាងសង់ឱ្យបានរួចរាល់ក្នុងឆ្នាំ២០២៥។
នៅក្នុងគម្រោងនេះ ក៏មានការជួសជុលស្ថានីយជញ្ជីងថ្លឹងយានយន្តចំនួន ០៤ទីតាំងផងដែរ ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការរឹតបន្តឹងការអនុវត្តច្បាប់លើការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ តភ្ជាប់ចាប់ពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដល់ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕
Post a Comment