ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) បើកឱ្យប្រើប្រាស់សាកល្បងហើយ

ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ត្រូវបានបើកឱ្យប្រើប្រាស់ជាការសាកល្បងហើយ។ នេះបើតាមជំនួបពិធីបើក ក្នុងអំឡុងទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។


ស្ពានមិត្តភាពនេះ ស្ថិតក្នុងគម្រោងសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ដែលគិតត្រឹមខែមករា ឆ្នាំ២០២៣ សាងសង់សម្រេចបាន ៨០% ហើយ។

គួរបញ្ជាក់ថា គម្រោងសាងសង់ច្រកទ្វាព្រំដែនខ្មែរ-ថៃថ្មី ស្ទឹងបត់ នេះ រួមមាន អគារច្រកទ្វារអន្តរជាតិ អគារអន្តេវាសិកដ្ឋាន ចំណតផ្ទេរផ្ទុកទំនិញ ឃ្លាំង និងទីលានកុងតឺន័រ ដែលមានទីតាំងស្ថិតនៅប្រមាណ ៧ គីឡូ ម៉ែត្រពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា និងថៃ បានសម្រេចលើឥណទានសម្បទានក្នុងដំណើរការសាងសង់គម្រោងនេះ ក្រោម​ទឹកប្រាក់ប្រមាណ ២៦.៥លានដុល្លារអាមេរិក។

គម្រោងច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន នេះរួមមានការសាងសង់អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ “ឃ្លាំង និងទីលានកុងទីន័រ” និងអគាររដ្ឋបាលជាដើម។

គម្រោងនេះ កំពុងសាងសង់ដោយក្រុមហ៊ុន CM Grand Development Co.,Ltd & Tan Kim Eng Co.,Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Team Consulting Engineering and Management PLC ដោយចំណាយថវិកាប្រមាណ ២៤លានដុល្លារ (ឬ ៨៣៥ ២៥០ ១៦៨ បាត) ក្រោមឥណទានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង (NEDA)។

តាមផែនការ ក្រុមការងារនឹងត្រូវចំណាយពេល ២៤ខែ ក្នុងការសាងសង់។ ក្រោយបើកឱ្យដំណើរការ ច្រកព្រំដែនថ្មីនេះ នឹងបើកឱកាសយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្ម ការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរណ៍រវាងប្រទេសទាំងពីរ។

Powered by Blogger.