លោក ចូ បៃដិន៖ ទំនាក់ទំនងអាមេរិក និងចិន មិនត្រូវបានបំផ្លាញ ដោយសារតែឧប្បត្តិហេតុបាឡុង នោះទេ
(វ៉ាស៊ីនតោន)៖ លោកប្រធានាធិបតី ចូ បៃដិន បាននិយាយថាទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង នឹងមិនត្រូវបានបំផ្លាញដោយគ្រាន់តែដោយសារការសម្រេចចិត្ត របស់អាមេរិក ក្នុងការបាញ់ទម្លាក់បាឡុងចិន ដែលមន្ទីរបញ្ចកោណអះអាងថាជាបាឡុងស៊ើបការណ៍ កាលពីចុងសប្ដាហ៍កន្លងទៅនេះនោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅសេតវិមាននៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោក បៃដិន បានសង្កត់ធ្ងន់ថាជាទស្សនៈយល់ឃើញរបស់លោក យោធាអាមេរិក ចាំបាច់ត្រូវតែបាញ់ទម្លាក់បាឡុងនោះ ឱ្យបានឆាប់កាន់តែល្អ។ នៅពេលត្រូវបានសាកសួរថាឧប្បត្តិហេតុនេះអាចនឹងបំផ្លាញដល់ទំនាក់ទំនងរវាងអាមេរិក និងចិន ដែរឬទេ? លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «វាមិនពិតនោះទេ។ យើងបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ចិនពីអ្វីដែលយើងនឹងត្រូវធ្វើ ហើយពួកគេក៏បានយល់ពីជំហររបស់យើងដែរ។ យើងនឹងមិនដកថយជាដាច់ខាត»។
គួរបញ្ជាក់ថា ចិន នៅថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការសម្រេចចិត្តបាញ់ទម្លាក់បាឡុងមួយរបស់ខ្លួន ដែលបានហោះនៅលើដែនអាកាស អាមេរិក រយៈពេលពេលជាច្រើនថ្ងៃ ដោយចាត់ទុកថាវាជាការបញ្ចេញប្រតិកម្មជ្រុសហួសហេតុ និងបំពានច្បាប់អន្តរជាតិ។ ទីក្រុងប៉េកាំង ក៏បានព្រមានដែរថាខ្លួនរក្សាសិទ្ធិស្របច្បាប់ នៅក្នុងការចាត់វិធានការចាំបាច់ឆ្លើយតបចាំបាច់នានា។
យោធាអាមេរិក កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ (ម៉ោងនៅអាមេរិក) បានបាញ់ទម្លាក់បាឡុងមួយដែលទីក្រុងវ៉ាស៊ីនតោនសង្ស័យថាជាបាឡុងចារកម្មរបស់ចិន ក្រោយស្ទាក់ស្ទើរ អស់រយៈពេលប៉ុន្មានថ្ងៃមកនេះ ព្រោះខ្លាចកម្ទេចកម្ទីរបស់វាបង្កគ្រោះថ្នាក់ដល់មនុស្សនៅខាងក្រោម។ បាឡុងចិនត្រូវបានបាញ់ទម្លាក់ដោយ មីស៊ីលមួយគ្រាប់ដែលបាញ់ចេញពី យន្ដហោះចម្បាំង F-22 ហើយបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក បាឡុងនេះហោះនៅរយៈកម្ពស់ ១៨,៣០០ម៉ែត្រ ខណៈបន្តធ្វើប្រតិបត្តិការនៅក្នុងដែនទឹកនៃមហាសមុទ្រអាត្លង់ទិក ដើម្បីប្រមូលកម្ទេចកម្ទីនៃបាឡុងនេះ។
បាឡុងចិននេះបានហោះលើតំបន់អាមេរិកខាងជើង រួមទាំងដែនអាកាសរបស់សហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយវាក៏បង្កឱ្យមានភាពតានតឹងជាថ្មី រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង រហូតដល់មានការផ្អាកដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប៊ី្លនខិន ទៅកាន់ទីក្រុងប៉េកាំង ដែលដំបូងឡើយគ្រោងនឹងធ្វើឡើងនៅចុងសប្ដាហ៍នេះ។ តែយ៉ាងណាក៏ដោយ ចិននៅតែទទូចថាបាឡុងរបស់ខ្លួនគឺជាបាឡុងស៊ីវិលធម្មតាតែប៉ុណ្ណោះ៕
Post a Comment