វិធានការ ៥ចំណុច ដើម្បីទប់ស្កាត់សកម្មភាពមិនប្រក្រតី តាមសាលារៀន ក្នុងទិវានៃក្តីស្រឡាញ់ ថ្ងៃ១៤ កុម្ភៈ
ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានដាក់ចេញនូវវិធានការ ៥ចំណុច ដើម្បីទប់ស្កាត់សកម្មភាពមិនប្រក្រតី ដែលអាចកើតមាន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងទិវានៃក្តីស្រឡាញ់ ថ្ងៃ១៤ កុម្ភៈ។
វិធានការទាំងនេះ ត្រូវបានដាក់ចេញ ដោយសារតែក្រសួងអប់រំយុវជន និងកីឡា បានសង្កេតឃើញថា សិស្សានុសិស្សមួយចំនួនតូច យល់ច្រឡំថា ថ្ងៃ១៤កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍ ហើយយុវជនមួយចំនួនតូច ភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្តីថ្លៃថ្នូរបុគ្គលនិងក្រុមគ្រួសារ ប្រាសចាកវប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ គួបផ្សំនឹងទិវានេះ ពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរយើង និងដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង សម្រាប់គ្រប់គ្រឹះស្ថានសិក្សា។
១.ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្ស តាមគ្រប់មធ្យោបាយ ដូចជា តាមរយៈការប្រជុំនៅពេលគោរពទង់ជាតិ កុំឱ្យមានការយល់ខុស អំពីអត្ថន័យទិវានៃក្តីស្រឡាញ់
២.ត្រូវពង្រឹងការអនុវត្តវិន័យ ឱ្យបានម៉ឺងម៉ាត់ ជាពិសេសលើការអប់រំសីលធម៌ ដោយតាមដានអវត្តមាន របស់សិស្សានុសិស្សជាប្រចាំ
៣.ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព «មិត្តអប់រំមិត្ត»
៤.ត្រូវទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងសហគមន៍ ដើម្បីផ្តល់ និងទទួលព័ត៌មាននានា ដែលពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្តដោយសិស្សានុសិស្ស សំដៅរួមសហការគ្នាទប់ស្កាត់ អប់រំណែនាំ និងកែលម្អឱ្យបានទាន់ពេលវេលា
៥.បន្តពង្រឹងការអនុវត្តប្រកាស្តីពីបទបញ្ជាផ្ទៃក្នុង សម្រាប់គ្រឹះស្ថានបឋមសិក្សា និងប្រកាសស្តីពីបទបញ្ជាផ្ទៃក្នុង សម្រាប់គ្រឹះស្ថានមធ្យមសិក្សា ចំណេះទូទៅសាធារណៈ៕
Post a Comment