សមាគមកម្ពុជា-ជប៉ុន នឹងរៀបចំព្រឹត្តិការណ៍នាំវិនិយោគជប៉ុន មកទស្សនកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២៣នេះ
ភ្នំពេញ៖ ឯកឧត្តម Takahashi Fumiaki ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) បានថ្លែងថា នៅក្នុងឆ្នាំ២០២៣នេះ សមាគមកម្ពុជា-ជប៉ុន នឹងរៀបចំព្រឹត្តិការណ៍មួយ ដោយនាំអ្នកវិនិយោគជនជាតិជប៉ុន មកធ្វើទស្សនកិច្ច និងសិក្សាពីសក្ដានុពលក្នុងប្រទេសកម្ពុជា ហើយឈានទៅធ្វើការ វិនិយោគបន្ថែមទៀតលើវិស័យផ្សេងៗ។
នៅក្នុងជំនួបជាមួយសម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម Takahashi Fumiaki លើកឡើងថា ឆ្នាំនេះជាខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន ហើយក្នុងដំណើរទស្សនកិច្ចនេះ សមាគមកម្ពុជា-ជប៉ុន បានពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណារៀបចំនូវព្រឹត្តិការណ៍ផ្សេងៗ ដើម្បីអបអរនូវឱកាស នៃការប្រារព្ធខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។
អតីតទូតប្រចាំកម្ពុជារូបនេះ បានបន្ថែមថា ទស្សនកិច្ចនេះ មានវិនិយោគិន ដែលកំពុងតែធ្វើប្រតិបត្តិការវិនិយោគនៅកម្ពុជា និងវិនិយោគិនជប៉ុន កំពុងតែស្វែងរកឱកាសដូចជាសក្ដានុពល ដើម្បីធ្វើការវិនិយោគនៅកម្ពុជា និងសំណូមពរសម្ដេចក្រឡាហោម ជំរុញក៏ដូចជាពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ពិសេសគឺការទាក់ទាញ ដល់សហគ្រាសធុនតូច និងមធ្យមរបស់ជប៉ុន ដើម្បីមកធ្វើការវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើង។
ក្នុងឱកាសនោះ សម្តេចក្រឡាហោម បានសម្ដែងនូវការគាំទ្រ ចំពោះគោលបំណង នៃការវិនិយោគ ក៏ដូចជាការវិនិយោគនៅកម្ពុជា ដែលមានស្រាប់ហើយមកនេះ និងបានចាត់ទុកការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា ពិតជាមានការចូលរួមចំណែកគាំទ្រ ពីសំណាក់ភាគីជប៉ុន ទាំងរដ្ឋាភិបាល និងប្រជាជនជប៉ុន ក៏ដូចជាវិស័យឯកជនរបស់ជប៉ុនផងដែរ។
ជាមួយគ្នានេះនាយករដ្ឋមន្ត្រីស្តីទី សង្ឃឹមយ៉ាងមុតមាំថា សមាគមមិត្តភាពកម្ពុជា-ជប៉ុន នឹងបន្តធ្វើសកម្មភាពយ៉ាងសកម្មថែមទៀត ក្នុងការជំរុញ ការវិនិយោគឲ្យកាន់តែច្រើនឡើងពីប្រទេសជប៉ុន ក៏ដូចជាវិនិយោគិនជប៉ុន មកកាន់កម្ពុជា ទៅលើវិស័យនានាដែលជាសក្ដានុពល ក៏ដូចជាជំរុញ និងលើកកម្ពស់ទេសចរកាន់តែច្រើនថែមទៀត នាំមកកម្ពុជានាពេលខាងមុខ៕
Post a Comment