សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូទៅដល់ប្រទេសចិនប្រកបដោយសុវត្ថិភាព
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង១៣ និង២០នាទី ម៉ោងនៅប្រទេសចិន ត្រូវនឹងម៉ោង១២និង២០នាទី ម៉ោងនៅកម្ពុជា ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅដល់ប្រទេសចិនប្រកបដោយសុវត្ថិភាពហើយ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។
វត្តមាននៃការអញ្ជើញដល់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រីត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់ថ្នាក់ដឹកនាំនៃសាធារណរដ្ឋប្រជាមានិតចិន ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។
តាមកម្មវិធីដែលបានគ្រោងទុក ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិននាពេលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន និង ឯកឧត្តម លី ជាន ស៊ូ ប្រធានសភាតំណាងប្រជាជនចិន។ សម្តេចតេជោ ក៏នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីចំណង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាដែលជាប្រយោជន៍ និងកង្វល់រួមក្នុងតំបន់ និងអន្តរជាតិផងដែរ។ ក្រោយជំនួបសម្តេចតេជោ និងលោក លី ខឺឈាង នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ។
ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសចិននាពេលនេះ នឹងផ្តល់កាលានុវត្តភាពដល់រដ្ឋាភិបាលទាំងពីរ ដើម្បីជំរុញកិច្ចសហ ប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងធ្វើឱ្យកាន់តែស៊ីជម្រៅ នូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ៕
Post a Comment