ខេត្តកំពង់ស្ពឺ មានការដ្ឋានអាជីវកម្មជីកថ្ម ខ្សាច់ និងអាចម៌ដី ចំនួន២៥៦កន្លែង
ភ្នំពេញ៖ ក្នុងខេត្តកំពង់ស្ពឺ មានការដ្ឋានអាជីវកម្មរ៉ែចំនួន២៥៦ការដ្ឋាន ភាគច្រើនជាការដ្ឋានថ្ម ខ្សាច់ និងជីកអាចម៍ដី។ ការណ៍នេះ បណ្ដាលឱ្យសាធារណជនមួយចំនួន លើកឡើងថា ខេត្តមួយនេះ ឃើញសុទ្ធតែរណ្ដៅ ដោយសារតែអាជីវកម្មរ៉ែនេះ។ ទាក់ទិននឹងករណីនេះ ឯកឧត្តម វ៉ី សំណាង ចោទជាសំណួរថា «ដល់ពេលខ្ញុំត្រូវធ្វើផ្ទះមួយ ត្រូវយកលុយខ្ញុំហ្នឹងទៅទិញថ្មពីប្រទេសលោកឯង?»
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នាសន្និសីទសារព័ត៌មាននៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបភាព capture ពីទំព័រហ្វេសប៊ុក អង្គ ភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
សំណួរខាងលើនេះ ជាការឆ្លើយតបរបស់អភិបាលខេត្តកំពង់ស្ពឺ ទៅកាន់បរទេស ដែលធ្លាប់លើកឡើងពីការជីករណ្ដៅ យកថ្ម ខ្សាច់ និងអាចម៍ដី កន្លងមក។ គោលបំណងមួយទៀត របស់ថ្នាក់ដឹកនាំខេត្តរូបនេះ ក៏ដើម្បីឱ្យសាធារណជន យល់ពីការជីករ៉ែនេះផងដែរ។
អាជីវកម្មរ៉ែខ្សាច់ រូបភាព capture ពីទំព័រហ្វេសប៊ុក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
ការលើកឡើងខាងលើរបស់ ឯកឧត្តម វ៉ី សំណាង ធ្វើឡើងនាសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ»។ វេទិកានេះ រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នា២០១៩នេះ។
នាឱកាសនោះ ឯកឧត្តម វ៉ី សំណាង សង្កត់ធ្ងន់ជុំវិញការជីករ៉ែក្នុងខេត្តខ្លួនដូច្នេះ៖ «ផ្ទះថ្ម សសរឥដ្ឋ ដូច្នេះយកអ្វីមកធ្វើ? មិនយកខ្សាច់យកថ្មមកធ្វើ! អ្នកខ្លះឆន្ទៈមិនល្អ, មិនស្របជាមួយយើង, អគតិ គាត់ថាយើងធ្វើមិនត្រឹមត្រូវ (ដូច្នេះ)ខ្សាច់ទុកមកធ្វើស្អី។ ដូនតាយើងទុកទ្រព្យទាំងអស់នេះ ទុកឱ្យយើងយកមកអភិវឌ្ឍន៍ប្រទេស»?
ក្នុងន័យនេះ ឯកឧត្តម វ៉ី សំណាង ទំនងចង់បង្ហាញសាធារណជន ការជីកថ្ម ខ្សាច់ ជាដើមនោះ គឺដើម្បីបំពេញតម្រូវការនៅក្នុងស្រុក ដែលត្រូវការសាងសង់សំណង់ផ្សេងៗ និងមិនចំបាច់ចំណាយថវិកាច្រើន ទៅទិញវត្ថុធាតុដើមដូចជា ថ្ម ខ្សាច់នោះ ពីក្រៅប្រទេសនោះឡើយ។ ស្របពេលក្នុងខេត្តនេះ សំណង់លំនៅដ្ឋានថ្ម កំពុងមានកំណើនឡើង។
គួរជម្រាបផងដែរថា បើតាមរបាយការណ៍អានដោយឯកឧត្តម វ៉ី សំណាង នៅទូទាំងខេត្តកំពង់ស្ពឺ មានការដ្ឋានអាជីវកម្មរ៉ែសរុបចំនួន២៥៦ការដ្ឋាន ក្នុងនោះដំណើរការបាន ១៥៧ការដ្ឋាន។ រួបមានការដ្ឋានថ្មសំណង់ ៣៣ការដ្ឋាន, ថ្មអារ ១៣ការដ្ឋាន, ខ្សាច់ ៧ការដ្ឋាន, ខ្សាច់បក(ខ្សាច់លើគោក) ៤ការដ្ឋាន, ជីករណ្ដៅដី ៣ការដ្ឋាន, សិប្បកម្មថ្មបំបែក ៣ការដ្ឋាន, អាជីវកម្មសិប្បកម្មខ្សាច់បក ៨ការដ្ឋាន, អាជីវកម្មសិប្បកម្មជីករណ្ដៅដី ៧ការរដ្ឋាន, អាជ្ញាប័ណ្ណសិប្បកម្មរ៉ែ សម្រាប់សេវាអាជីវកម្មអាចម៍ដី រណ្ដៅដីចល័ត ៥៦ការដ្ឋាន, ការដ្ឋានស្ដារទំនប់ទឹក ២០ការដ្ឋាន និងគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ ២ការដ្ឋាន៕
Post a Comment