កម្ពុជា​នឹងសម្ពោធ​ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៥ ពី​ព្រែកក្តាម ដល់​បាត់ដំបង

 នៅក្នុងឆ្នាំ​២០២៣នេះ កម្ពុជា ​នឹង​សម្ពោធដាក់​ឱ្យប្រើប្រាស់​ជាផ្លូវការ​នូវផ្លូវជាតិលេខ២ និងលេខ២២ ព្រមទាំង​កំណាត់​ផ្លូវជាតិលេខ៥ ពីព្រែកក្តាម-ធ្លាម្អម និងពីធ្លាម្អម-បាត់ដំបង។ នេះបើតាមការថ្លែង​បញ្ជាក់​របស់​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​ និងដឹកជញ្ជូន ក្នុងពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២២ និង​លើកទិសដៅ​ការងារ​ឆ្នាំ​២០២៣ របស់​ក្រសួង​ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ​២០២៣។

សូម​ជម្រាប​ថា គម្រោង​​ធ្វើឱ្យ​ប្រសើរឡើង​វិញ កំណាត់​ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ត្រូវបាន​បើកការដ្ឋាន​សាងសង់​​កាលពីខែកុម្ភៈ​ ឆ្នាំ​២០២០ ដោយ​គ្រោងចំណាយថវិកា ៥៦,១លានដុល្លារដែលជា​ហិរញ្ញប្បទាន​ពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និង​ថវិកាបដិភាគ​របស់រាជរដ្ឋាភិបាល​កម្ពុជា ។ គម្រោង​ផ្លូវនេះ មាន​ប្រវែង​សរុប ៧២,១៧គីឡូម៉ែត្រ ចែកចេញ​ជា៣ផ្នែករួមមាន៖

-ផ្នែកទី១ៈ ចាប់ពី​រង្វង់មូលតាខ្មៅ ដល់​ផ្លូវប្រសព្វមហាវិថីសម្តេច​តេជោ ហ៊ុន សែន មាន​ប្រវែង ៤,៣៤គីឡូម៉ែត្រ ទទឹង ២០ម៉ែត្រ (៤គន្លង)។

-ផ្នែកទី២ៈ ចាប់ពី​ផ្លូវប្រសព្វមហាវិថីសម្តេច​តេជោ ហ៊ុន សែន ដល់​រង្វង់​មូល​កួរស្រូវ ប្រវែង ៤,៤១គីឡូម៉ែត្រ ទទឹង ២០,៥០ម៉ែត្រ (៤គន្លង)។

-ផ្នែកទី៣ៈ ចាប់ពីរង្វង់មូលកួរស្រូវ ដល់​ផ្លូវបំបែក​ផ្លូវជាតិលេខ៣ (អង្គតាសោម) ប្រវែង ៦៣,៤២គីឡូម៉ែត្រ និងទទឹង​១៣ម៉ែត្រ។

ចំណែក​កំណាត់ផ្លូវជាតិលេខ៥ ពី​ព្រែកក្តាម-ធ្លាម្អម មាន​ប្រវែងសរុប ១៣៥,២៥គីឡូម៉ែត្រ និង​កំណាត់ផ្លូវជាតិលេខ៥ពី​ ធ្លាម្អម-បាត់ដំបង មាន​ប្រវែង​សរុប ១៤៦,០៤គីឡូម៉ែត្រ។ កំណាត់ផ្លូវនេះ គឺសុទ្ធតែពង្រីកដល់ ៤គន្លង។


បើតាម​ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានឱ្យដឹងដែរថា ក្នុងឆ្នាំ​២០២៣នេះ កម្ពុជាក៏គ្រោង​បើកការដ្ឋានសាងសង់​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ​មួយចំនួនទៀតដែរ ដូចជា៖

-កំណាត់​ផ្លូវជាតិលេខ៣ វាលរេញ-ត្រពាំងរពៅ

-កំណាត់​ផ្លូវជាតិលេខ៨ ព្រែកតាម៉ាក់-ពញ្ញាក្រែក

-ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា

-ស្ពាន​មិត្តភាព​កម្ពុជា-កូរ៉េ ពីផ្សារចាស់-ជ្រោយចង្វារ និងពីជ្រោយចង្វារ-អរិយក្សត្រ

-ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

-និង​ជំរុញ​ការសិក្សា​ផ្លូវល្បឿនលឿន​ពីភ្នំពេញ-សៀមរាប៕

Powered by Blogger.