ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​ ជួបពិភាក្សា​ការងារ​ជាមួយ​អគ្គលេខាធិការ​ក្រសួងការពារជាតិ​ឥណ្ឌា​

 ឥណ្ឌា៖ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ព​ជើងគោក នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៣​ បាន​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​មួយចំនួន​ជាមួយ​លោក ជី​រី​ដា អា​រ៉ា​ម៉ា​នី (Giridhar Aramane) អគ្គលេខាធិការ​នៃ​ក្រសួងការពារជាតិ​ឥណ្ឌា ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​រដ្ឋធានី​ញ៉ូ​ដេលី សាធារណរដ្ឋ​ឥណ្ឌា​។​

​ថ្លែង​នៅក្នុង​ជំនួប​នោះ​លោក ជី​រី​ដា អា​រ៉ា​ម៉ា​នី បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ​មកកាន់​ប្រទេស​ឥណ្ឌា ស្រប​ពេលដែល​ចំណង​មិត្តភាព​ជា​ប្រពៃណី​កម្ពុជា​-​ឥណ្ឌា​បាន​រក្សា​នូវ​ការផ្សារភ្ជាប់​យ៉ាង​ជិតស្និទ្ធ ហើយ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ​ ក៏​កំពុងមាន​វឌ្ឍនភាព​រី​ក​ចម្រើន​ជា​លំដាប់​គួរ​ឱ្យ​កត់​សម្គាល់ ជាពិសេស​ទំនាក់ទំនង​ផ្នែក​វប្បធម៌ សេដ្ឋកិច្ច និង​បន្ត​រហូតមកដល់​ផ្នែក​យោធា​។​ ឆ្លើយតប​ទៅតាម​ការលើកឡើង​រប​ស់លោក ជី​រី​ដា អា​រ៉ា​ម៉ា​នី ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​អំណរ​គុណ​ចំពោះ​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ ដែល​បាន​ផ្តល់​ជូន​គណៈប្រតិភូ​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​ពិតជា​បាន​ស្តែង​ឱ្យឃើញ​អំពី​ឆន្ទៈ និង​ការប្តេជ្ញាចិត្ត​រួមគ្នា​ក្នុង​ការ​បន្ត​ថែរក្សា​ចំណងមិត្តភាព និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ឱ្យ​បាន​ជិតស្និទ្ធ និង​មាន​កម្រិត​ខ្ពស់​ឡើង ដើម្បី​រួមចំណែក​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ​កម្ពុជា​-​ឥណ្ឌា​ឱ្យ​កាន់តែ​រឹងមាំ និង​យូរអង្វែង​។ ​

​នៅក្នុង​កិច្ច​ជំនួប​នោះ​ភាគី​ទាំងពីរ ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​យោធា​ទ្វេភាគី ដែល​បាន​បោះជំហាន​រីកចម្រើន​ទៅមុខ ដោយ​សម្រេច​បាន​នូវ​លទ្ធផល​ផ្លែផ្កា​ជាច្រើន​គួរ​ជាទី​មោទនៈ ហើយ​ក៏បាន​បង្ក​លក្ខណៈ​ដល់​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​កាន់តែ​ប្រសើរ និង​មាន​កម្រិត​ខ្ពស់​ឡើង​រវាង​កង​ទ័ពជើងគោក​នៃ​ប្រទេស​ទាំងពីរ​ផងដែរ ដូចដែល​ស្តើង​ឡើង​តាមរយៈ​គម្រោង​នៃ​ការ​ចុះហត្ថលេខា ​លើ​ឯកសារ​លក្ខខណ្ឌ​ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ពជើងគោក​ទាំងពីរ ក្នុង​ក្របខ័ណ្ឌ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​។​ ​ក្រៅពីនេះ ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏បាន​ផ្លាស់ប្តូ​រមតិ​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​មួយចំនួន ដោយបាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការកសាង​ទំនុកចិត្ត​ទៅវិញទៅមក ព្រមជាមួយ​នឹង​សុ​ឆន្ទៈ​នៃ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី សំដៅ​ធានាបាន​នូវ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ ដែលជា​គោលបំណង​រួម​។​

​សូមបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត គឺជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ដំបូងបង្អស់​របស់​មេបញ្ជាកា​រ​កងទ័ពជើងគោក​ក​ម្ពុ​ជា ទៅកាន់​សាធារណរដ្ឋ​ឥណ្ឌា ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ឯកឧត្តម​អនុ​ប្រធានាធិបតី​ឥណ្ឌា និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឥណ្ឌា ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​នឹង​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ឆ្នាំ​២០២២ កន្លងទៅ ដើម្បី​ជាការ​អបអរសាទរ​ខួប​លើក​ទី​៧០ នៃ​ការបង្កើត​ចំណង​ការទូត​ផ្លូវការ​រវាង​ប្រទេស​ទាំងពីរ​៕

Powered by Blogger.