រដ្ឋប្រកាសដាក់ខេត្តស្វាយរៀង ជាខេត្តអស់មីនទី៨

រដ្ឋបានប្រកាសដាក់ខេត្តស្វាយរៀង ជាខេត្តទី៨ ដែលអស់មីន។ នេះបើតាមប្រកាសកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

ស្ថិតក្រោមការគាំទ្ររបស់គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីននៅខេត្តស្វាយរៀង មជ្ឈមណ្ឌលសកម្មភាពកំចាត់​​មីនកម្ពុជា (ស៊ីម៉ាក់) បានធ្វើការបោសសម្អាតមីនក្នុងទំហំផ្ទៃដីសរុបចំនួន ១២គីឡូម៉ែត្រក្រឡា ស្មើនឹង ១៣៩ ចម្ការមីន។

ក្នុងនោះ ស៊ីម៉ាក់បានរកឃើញ និងបានកំទេចចោលមីនប្រឆាំងមនុស្សចំនួន ១០២៣គ្រាប់ និងសំណល់ជាតិផ្ទុះផ្សេង​ទៀតចំនួន ២៩៩គ្រាប់។

ទន្ទឹមនឹងនេះ តាមរបាយការណ៍របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បានឲ្យដឹងថា ខេត្តស្វាយរៀង មានប្រតិបត្តិករបានធ្វើការបោសសម្អាតទាំងចម្ការមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងទំហំផ្ទៃដីសរុបចំនួន ៤១គីឡូម៉ែត្រក្រឡា ស្មើនឹង ៤១៩ ចម្ការមីន/គ្រាប់ ដោយរកឃើញ និងបានកំទេចចោលមីនប្រឆាំងមនុស្សចំនួន ៣៥៦៩គ្រាប់មីន ប្រឆាំងរថក្រោះចំនួន ១៣២គ្រាប់ និងសំណល់ ជាតិផ្ទុះផ្សេងទៀតចំនួន ៧១៨៤៣គ្រាប់។

គួរបញ្ជាក់ថា រដ្ឋបានប្រកាសដាក់រាជធានី ខេត្តចំនួន ០៧ ជារាជធានី​ ខេត្តអស់មីន រួមមាន​​ ខេត្ត​ព្រៃវែង ខេត្ត​កណ្តាល ​ភ្នំពេញ ខេត្ត​កំពង់​ចាម​ ខេត្ត​ព្រះសីហនុ ​ខេត្ត​រតនគិរី​​ និង​ខេត្ត​តាកែវ​។

Powered by Blogger.