យ៉ាងហោចណាស់​មនុស្ស ២៩​នាក់​ស្លាប់​ និង​ ៨៥​នាក់​រងរបួស ខណៈ​រថភ្លើង​បុក​គ្នា​នៅ​ប្រទេស​ក្រិ​ក​(BTV)

ក្រិក៖ អង្គភាព​សេវា​ពន្លត់អគ្គីភ័យ​ប្រទេស​ក្រិ​ក​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា មនុស្ស​យ៉ាង​ហោច​ណាស់ ២៩​នាក់​ស្លាប់ និង​ច្រើនជាង​ ៨៥​នាក់​បាន​រងរបួស ខណៈ​រថភ្លើង​ពីរ​គ្រឿង​បាន​បុក​គ្នា​នៅ​ភាគ​ខាងជើង​ប្រទេស​ក្រិ​ក​។​

​រូបភាព​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ក្រិ​ក ERT បានបង្ហាញ​ផ្សែងហុយ​ចេញពី​រថភ្លើង​ដែល​ក្រឡាប់ និង​រថយន្ត​សង្គ្រោះ​តម្រៀបជួរ​ដ៏​វែង​នៅក្បែរនោះ​។ រូបភាព​បានបង្ហាញ​ពី​ក្រុម​អ្នក​ជួយសង្គ្រោះ​មាន​ពិល កំពុង​ស្វែងរក​អ្នក​នៅ​រស់រានមានជីវិត​នៅតាម​ទូរថភ្លើង​។ ​អ្នកនាំពាក្យ​អង្គភាព​សេវា​ពន្លត់អគ្គីភ័យលោក Vassilis Varthakogiannis បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ថា រថភ្លើង​ដឹក​អ្នកដំណើរ​មាន​ដឹក​មនុស្ស​ជាង ៣៥០​នាក់បាន​បុក​ជាមួយ​រថភ្លើង​ដឹកទំនិញ ១គ្រឿង​ផ្សេងទៀត​កាលពី​ល្ងាច​ថ្ងៃ​អង្គារនៅក្នុង​តំបន់ Tempi ភាគ​កណ្តាល​ប្រទេស​ក្រិ​ក​។​ ​យោងតាម​លោក Varthakogiannis បាន​និយាយថា យ៉ាងហោចណាស់​មាន​អ្នក​ពន្លត់អគ្គីភ័យ ១៥០​នាក់ ជាមួយនឹង​រថយន្ត ១៧​គ្រឿង រួមទាំង​រថយន្ត​សង្គ្រោះ ២០គ្រឿងបាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​។

រថភ្លើង​ដឹក​អ្នកដំណើរ​ដែល​ជួប​ឧប្បត្តិហេតុកំពុងធ្វើដំណើរ​ពី​ទីក្រុង Athens ទៅកាន់​ទីក្រុង Thessaloniki​។ ​ខណៈ​ប្រតិបត្តិ​ការស្វែងរក និង​ជួយសង្គ្រោះ​កំពុងដំណើរការ ចំនួន​អ្នកស្លាប់​ត្រូវបាន​គេ​រំពឹងថា​នឹង​កើនឡើង​។ ក្រុមហ៊ុន​អយ​ស្ម័​យាន​ប្រទេស​ក្រិ​ក Hellenic Train បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា មាន​គ្រោះថ្នាក់​រថភ្លើង​ពីរ​គ្រឿងរវាង​រថភ្លើង​ដឹកទំនិញ និង​រថភ្លើង IC 62 ដឹក​អ្នកដំណើរ​ប្រហែល​ ៣៥០​នាក់នៅលើ​រថភ្លើង៕



Powered by Blogger.