កងទ័ពកម្ពុជា-ចិននឹងធ្វើសមយុទ្ធរួមគ្នារយៈពេល២០ថ្ងៃ គឺចាប់ពីថ្ងៃទី២០មីនា ដល់ថ្ងៃទី៨ខែមេសា(BTV)

ភ្នំពេញ៖ តាមការពិភាក្សារវាងក្រុមការងារដឹកនាំការធ្វើសមយុទ្ធរវាងកងទ័ពកម្ពុជា-ចិនភាគីទាំងពីរ បានសម្រេចនឹងធ្វើសមយុទ្ធ«នាគមាសឆ្នាំ២០២៣» និងលើកទី៥នេះ នៅថ្ងៃទី ២០ខែមីនាដល់ថ្ងៃទី ៨ ខែមេសាឆ្នាំ ២០២៣ ដោយឥតកែប្រែនោះឡើយ។

នេះបើតាមការបញ្ជាក់ពីឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការនៃកងយោធពល​ខេមរភូមិន្ទ ដែលបានប្រាប់ថ្លែងនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈនេះ។

លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានបន្ដទៀតថា ចំពោះទីកន្លែង ភាគីទាំងពីរបានឯកភាពគ្នា​យកមជ្ឃមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថ(ភ្នំជុំរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង សម្រាប់ធ្វើសមយុទ្ធនេះ។

លោកឧត្តមសេន៍ទោ បានបញ្ជាក់បន្ថែមទៀតថា អត្ថប្រយោជន៍ដែលកងទ័ពប្រទេសទាំងពីរ​ទទួល​បានពីការធ្វើសមយុទ្ធនេះ គឺការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ​ក្នុងការ​លើកកម្ពស់ទំនាក់ទំនងល្អ បង្កើនចំណងសាមគ្គីភាព មេត្រីភាព ការបណ្ដុះបណ្តាលចំណេះដឹង ចំណេះធ្វើ ផ្លាស់ប្ដូរបទពិសោធន៍ ​ចេះសម្របសម្រួល ​ចេះរស់នៅនិងធ្វើការងាររួមគ្នា ជាមួយជាតិ​សាសន៍​ជាច្រើនក្នុងពេលធ្វើប្រតិបត្តិការរួមគ្នា ក៏ដូចជាឆ្លើយតប ទៅនឹងបញ្ហាប្រឈមនានា​ដែលមិនមែន​ជាប្រពៃណីជាដើម។

យ៉ាងណាក៏ដោយសម្រាប់សមយុទ្ធរួមគ្នាដែលមានឈ្មោះថា «នាគមាសឆ្នាំ២០២៣»លើកទី៥នេះ ភាគីទាំងពីរពុំទាន់បានកំណត់របៀបវារៈជាក់លាក់នោះទេ ដោយរង់ចាំប្រជុំសម្រេចជាផ្លូវការនា​ពេល​ដ៏ខ្លីនេះរវាងក្រុមការងារដឹកនាំការធ្វើសមយុទ្ធរវាងកងទ័ពទាំងពីរបន្តទៀត។

បើតាមអ្នកនាំពាក្យរបស់អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទរូបនេះ បានឲ្យដឹងផងដែរថា សមយុទ្ធនាគមាសរវាងកម្ពុជា-ចិន យើងបានចាប់ផ្ដើមធ្វើតាំងពីឆ្នាំ២០១៦ រហូត​មកដល់ពេលនេះ​យើងធ្វើរួមគ្នាបានចំនួន ៤លើករួចមកហើយ ​គឺនៅក្នុងឆ្នាំ២០១៦ ,២០១៨ , ២០១៩ និងឆ្នាំ ២០២០។ យើង​ផ្អាក​ចំនួន​បីដង​ គឺនៅឆ្នាំ ២០១៧ ​ដោយជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និង​ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ឆ្នាំ២០២១ និងឆ្នាំ២០២២​ដោយសារតែប្រទេសទាំងពីរ ប្រឈម​នឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

បើតាមសម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បាន​ប្រាប់អ្នក​សារព័ត៌មានកាលពីកន្លងទៅថា សមយុទ្ធ«នាគមាសឆ្នាំ២០២៣»នេះនឹង​ប្រព្រឹត្តិទៅ​ក្រោមប្រធានបទជាច្រើន ជាពិសេសគឺការបោសសម្អាតគ្រាប់មីន ​ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ការរក្សាសន្តិសុខ និងក្បួនធំៗ និង​របៀប​សង្រ្គោះ​ជន​រង​គ្រោះ​ជួប​ឧបទ្ទវហេតុ​ដោយ​សារគ្រោះធម្មជាតិជាដើម៕

Powered by Blogger.