សៀមរាប ត្រៀមខ្លួនទទួលទេសចរចិននៅខែក្រោយ ខណៈរាជរដ្ឋាភិបាលសម្រេចបញ្ចុះតម្លៃធ្វើតេស្ត PCR
ខេត្តសៀមរាប ត្រូវបានរំពឹងថា នៅដើមខែមីនាខាងមុខនេះ នឹងមានជើងហោះហើរត្រង់មកពីប្រទេសចិន ដែលទាមទារឱ្យប្រតិបត្តិករទេសចរណ៍ទទួលទីផ្សារចិនទាំងអស់ ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ ដើម្បីពង្រឹងគុណភាពសេវាឱ្យស្របតាមតម្រូវការរបស់ទេសចរចិន។ នេះបើតាមការលើកឡើងរបស់លោក សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការត្រៀមទទួលទេសចរចិន កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។
យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ឱ្យដឹងថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ ១).ដើម្បីផ្សព្វផ្សាយការត្រៀមទទួលទេសចរចិនមកខេត្តសៀមរាបនៅដើមខែមីនា ឆ្នាំ២០២៣។ ២).ជំរុញប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាបដែលទទួលទីផ្សារចិនពង្រឹងសេវាកម្មទេសចរណ៍ទទួលភ្ញៀវចិនតាមរយៈការស្នើសុំការវាយតម្លៃបញ្ជាក់កម្រិតសេវាកម្មសម្រាប់ទីផ្សារទេសចរចិន។ ៣).ដើម្បីប្រមូលបញ្ហាប្រឈមនានារបស់ប្រតិបត្តិករទទួលទីផ្សារចិនក្នុងខេត្តសៀមរាប។
លោក សុខ សង្វារ បញ្ជាក់ថា ក្រោយចិនប្រកាសបើកប្រទេសមក គឺកម្ពុជាបន្តទទួលជើងហោះហើរត្រង់ជាបន្តបន្ទាប់ពីគោលដៅប្រទេសចិនចូលមកកាន់កម្ពុជា ពិសេសរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ដោយឡែកខេត្តសៀមរាបពុំទាន់មានជើងហោះហើរត្រង់ពីប្រទេសចិននៅឡើយ។
គួរដឹងថា ក្នុងឆ្នាំ២០២៣នេះ កម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិ ពី ៣-៤លាននាក់ ដែលមានទេសចរចិនពី៨០ម៉ឺន-១លាននាក់ ក្នុងនោះប្រមាណជិត៣០% នៃទេសចរចិននឹងរំពឹងថានឹងមកទស្សនាខេត្តសៀមរាប ខណៈឆ្នាំ២០២២ ខេត្តសៀមរាបទទួលបានទេសចរចិនតែ ១៨ ៧៦៣នាក់ កើនឡើង ២៣៧,១៦% ធៀបនឹងឆ្នាំ២០២១ ដែលឈរនៅលំដាប់ទីផ្សារអាទិភាពទី៤ ក្នុងខេត្តសៀមរាប។
ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ជូនអង្គប្រជុំផងដែរ អំពីដំណឹងថ្មីបំផុតដែលទទួលបានពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ អំពីការអនុញ្ញាតជាផ្លូវការពីរាជរដ្ឋាភិបាលក្នុងការបញ្ចុះតម្លៃតេស្ត PCR សម្រាប់ទេសចរចិនមក១៣០$ មកត្រឹម៥០$វិញ។ ទន្ទឹមនឹងនោះក្រសួងទេសចរណ៍នឹងសហការជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ដោះស្រាយបញ្ហាប្រឈមនានា ដើម្បីបង្កើនភាពទាក់ទាញទេសចរចិនមកកម្សាន្តគោលដៅ ទេសចរណ៍វប្បធម៌ខេត្តសៀមរាបឱ្យបានច្រើន៕
Post a Comment