ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងថា ការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រី​គណបក្ស​ប្រជាជនគិតលើការគាំទ្រ និងសមត្ថភាព( AKP )

ភ្នំពេញ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) បានបញ្ជាក់ថា ការជ្រើសរើសបេក្ខភាពអនាគតនាយករដ្ឋមន្ត្រីគណបក្សប្រជាជនកម្ពុជាគឺផ្អែកលើការគាំទ្រពីគ្រប់មជ្ឈដ្ឋាន និងសមត្ថភាព។

ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅ​ការងារ​ឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាយុវជន គ្រឹះស្ថានឧត្តមសិក្សា នៃស.ស.យ.ក. កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា៖ «ការគិតគូរ ជ្រើសរើសបេក្ខភាព បងណែត (ឯកឧត្តម ហ៊ុន ម៉ាណែត) ជានាយករដ្ឋមន្ត្រីទៅថ្ងៃអនាគត ផ្អែកជាចម្បង​លើ​ការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ទាំងលក្ខណៈសម្បត្តិ និងសមត្ថភាព »

ឯកឧត្តមបានអំពាវនាវ ឱ្យសមាជិក សមាជិកា ស.ស.យ.ក ឈ្វេងយល់បន្ថែម​ពី​លក្ខណៈសម្បត្តិពេញលេញក្នុងភាពជាអ្នកដឹកនាំរបស់បងម៉ាណែត ដែលជាប្រធាន​កិត្តិយស ស.ស.យ.ក និងជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត។​ ឯកឧត្តមបាន​បញ្ជាក់​ទៀតថា ឆ្លៀតឱកាសនៃការសម្ពោធក្រុមហ៊ុន អាកាសា មីឌាសឹលូសិក ដែលជា​ចលករក្នុងវិស័យឯកជនសំខាន់មួយសម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិនាថ្ងៃអនាគតដែរនោះ ខ្ញុំសូមលើកឡើងសារជាថ្មី លើលក្ខណៈសម្បត្តិរបស់ បងណែត ក្នុងបេក្ខភាព​ជានាយករដ្ឋមន្ត្រីទៅថ្ងៃអនាគត ជាមួយមូលហេតុមួយចំនួនសម្រាប់ជាការពិចារណា៖ ចំណុ​ចទី១គឺ ការគាំទ្រឯកច្ឆន្ទក្នុងជួរគណបក្ស៖ ការជ្រើសរើស បងណែត ជាបេក្ខភាព​នាយក​រដ្ឋមន្រ្តីនាពេលអនាគត មិនមែនជារឿងពីការបន្តពីឳពុក មកកូន ក៏មិនមែនជា​ការ​ចៃដន្យនោះទេ តែជាការគិតគូរដោយចក្ខុវិស័យវែងឆ្ងាយ គ្រប់ជ្រុងជ្រោយរបស់​គណ​បក្ស​ប្រជាជនកម្ពុជា និងដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍជាតិ។

ឯកឧត្ដមបានឱ្យដឹងទៀតថា ការជ្រើសរើសនេះ កើតក្រោយពីមានការវាយតម្លៃលើគ្រប់លក្ខណៈសម្បត្តិ និងសមត្ថភាព​ដោយថ្នាក់ដឹកនាំក្នុងជួរគណបក្សប្រជាជនកម្ពុជា និងដោយមានការគាំទ្រយ៉ាង​ពេញ​ទំហឹង​នៅក្នុងក្របខណ្ឌផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស តាមរយៈ​ការបោះ​ឆ្នោតជាឯកច្ឆន្ទនៅក្នុងសន្និបាតគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។ ចំណុចទី២ គឺជាការគាំទ្រពីមជ្ឍដ្ឋានមហាជន និងការ​ទទួល​ស្គាល់ទាំងលក្ខណៈសម្បត្តិ ទាំងសមត្ថភាព ៖ មានមនុស្សមិនតិចទេ​ធ្លាប់បានឃើញ​សកម្មភាព ធ្លាប់បានជួបផ្ទាល់ជាមួយ បងម៉ាណែត និងបង្ហាញពីការគាំទ្រយ៉ាងច្រើនកុះករ មិនថាក្នុងជួរបញ្ញវន្ត អាជីវករ ធុរជន អ្នកប្រកបវិជ្ជាជីវៈនានា កងកម្លាំងប្រដាប់អាវុធ មន្រ្តី​រាជការ ជារួមគឺមហាជនគ្រប់មជ្ឈដ្ឋាន។ មិនត្រឹមតែប៉ុណ្ណោះ បងណែត គឺជាបញ្ញវន្តខ្មែរ​មួយរូប ដែលបញ្ចប់ការសិក្សារហូតដល់ថ្នាក់បណ្ឌិតសេដ្ឋកិច្ច និងមានបទពិសោធន៍ជោគ​ជាំលើការងារប្រតិបត្តិជាក់ស្តែង។ ជាងនេះទៅទៀត បងម៉ាណែត យល់យ៉ាងច្បាស់ពីក្រប​ខណ្ឌគោលនយោបាយ រដ្ឋបាល ផែនការអភិវឌ្ឍន៍ជាតិ ការកសាង និងដឹកនាំប្រទេសជាតិ ការអភិវឌ្ឍម៉ាក្រូសេដ្ឋកិច្ច និងការយកចិត្តទុកដាក់ជាប្រចាំលើជំរុញវិស័យឯកជន ដែលជា​ប្រភពមួយនៃកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានបញ្ជាក់បន្ថែមថា ដោយឡែក ក្នុងនាមជាអគ្គមេបញ្ជាការ​កងទ័ពជើងគោក បងម៉ាណែត បានជំរុញការងារ កំណែទម្រង់លើជួរកងទ័ព ពង្រឹងស្មារតី​ស្នេហាជាតិ លើកស្ទួយកិត្តិយសក៏ដូចជាតម្លៃរបស់នាយទាហ៊ាន ពលទាហ៊ាន គ្រប់លំដាប់​ថ្នាក់ដែលទទួលបានការគាំទ្រដ៏ស្មោះស្ម័គ្រ និងរួមសុខរួមទុក្ខពីកងកម្លាំងប្រដាប់​អាវុធ​គ្រប់ប្រភេទ ដែលជាមូលដ្ឋានចាំបាច់បំផុតរបស់អ្នកដឹកនាំបន្តវេន ក្នុងការបន្តបេសកម្ម​របស់​គណបក្សប្រជាជនកម្ពុជា ដើម្បីការពារសុខសន្ថិភាព ស្ថិរភាព និងវឌ្ឍនភាពសង្គម។​ចំណុចទី៣ គឺកិច្ចការក្នុងក្របខណ្ឌអន្តរជាតិ៖ បងណែត តែងតែទទួលបានការអញ្ជើញ​ទៅ​ទស្សនកិច្ចជាផ្លូវការ ការស្នើសុំជួបពិភាក្សាការងារ និងកិច្ចប្រជុំតំណាងឱ្យក្រសួងការពារ​ជាតិ​ជាមួយបណ្តាប្រទេសមហាអំណាចទាំងក្នុងតំបន់ និងពិភពលោក ជាបន្តបន្ទាប់ ក៏ដូច​ជាជាមួយ បណ្តាប្រទេសជាមិត្ត ដែលនេះបានសរបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ពីការ​ទទួល​ស្គាល់សមត្ថភាព នៃភាពជាអ្នកដឹកនាំកម្រិតខ្ពស់ របស់បងណែត ជាមួយការគាំទ្រ ពីបណ្តាថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាមិត្តទាំងអស់នោះផងដែរ។

បើតាមឯកឧត្ដម ហ៊ុន ម៉ានី ជារួម ការថ្លឹងថ្លែងលើបេក្ខភាព បងម៉ាណែត កើតចេញ​ពីការគិតគូរវែងឆ្ងាយលើភាពយូរអង្វែងនៃការដឹកនាំប្រទេស ទាំងសមត្ថភាព ចំណេះដឹង សិល្បៈនៃការដឹកនាំ ការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ព្រមទាំងលក្ខណៈសម្បត្តិគ្រប់បែបយ៉ាង ដែល​សំដៅដល់សមត្ថភាពនៃការដឹកនាំប្រទេសប្រកបដោយវិបុលភាព ជាមួយការរក្សា​បាននូវស្ថិរភាពសង្គមនយោបាយ សន្តិភាព និងធានានិរន្តរភាពនៃការរីកចម្រើនរបស់​ប្រទេស​ជាតិជាបន្តទៅអនាគត៕

Powered by Blogger.