សម្ដេចតេជោ ហ៊ុន សែន សម្រេចមិនយកពន្ធលើប្រាក់​ចំណូលរបស់គ្រឹះស្ថាន​សិក្សារដ្ឋ និងឯកជនទូទាំងប្រទេស ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨(FN)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ផ្ដល់ការអនុគ្រោះ​ដល់​គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស ឱ្យរួចផុតពីការបង់ពន្ធ​លើ​ប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់​ទុក​លើសេវា ការប្រាក់ និងភាគលាភ ចាប់ពីឆ្នាំ២០២៤ រហូតដល់​ដំណាច់​ឆ្នាំ២០២៨។

ក្នុងលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានគូសបញ្ជាក់ថា បើទោះបីផ្ដល់ការ​អនុ​គ្រោះដូចករណីខាងលើ ប៉ុន្ដែគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស ត្រូវបង់​ពន្ធ​លើប្រាក់បៀវត្ស ពន្ធកាត់ទុកលើការជួលទីតាំងពន្ធអចលនទ្រព្យ និងពន្ធប៉ាតង។

លោក អ៉ីន វីរជាតិ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលជាអ្នកចុះហត្ថលេខា​លើ​លិខិតផ្ញើជូនរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និង​កីឡា និងរដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់បន្ថែមថា ក្នុង​ករណីខកខាន ឬយឺតយ៉ាវបំពេញកាតព្វកិច្ចសារពើពន្ធនានា គ្រឹះស្ថានសិក្សា​ត្រូវ​ទទួល​រងនូវទោសទណ្ឌនានា រួមមាន ប្រាក់ពិន័យ និងការប្រាក់ តាមបទប្បញ្ញត្តិស្ដី​ពន្ធ​ដារជាធរមាន។

លើសពីនេះ គ្រឹះស្ថានសិក្សាត្រូវបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារ នៅរដ្ឋបាល​សារ​ពើ​ពន្ធ កត់ត្រា និងកាន់កាប់បញ្ជិកាគណនេយ្យឱ្យបានត្រឹមត្រូវ ព្រមទាំងដាក់លិខិត​ប្រកាស​ពន្ធប្រចាំខែ និងពន្ធប្រចាំឆ្នាំតាមច្បាប់ជាធរមាន។

សូមជម្រាបថា ការផ្ដល់ការអនុគ្រោះរបស់សម្ដេចតេជោ ហ៊ុន សែន លើករណីនេះ ធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ តបនឹងសំណើរបស់សមាគម គ្រឹះស្ថាន​ឧត្តម​សិក្សាក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹក ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ។

យោងតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា គិតត្រឹម​ឆ្នាំ២០២២ គ្រឹះស្ថានឧត្តមសិក្សានៅទូទាំងប្រទេសមានចំនួន១៣០ ក្នុងនោះ​គ្រឹះ​ស្ថានឧត្តមសិក្សារដ្ឋ៤៨ និងឯកជន៨២។ សាលាមត្តេយ្យសិក្សា និងសាលារៀន​ចំណេះ​ទូទៅទាំងសាធារណៈ និងឯកជនមានចំនួនសរុប ១៨,៤៣០កន្លែង។ ក្នុង​នោះ​មត្តេយ្យ​សិក្សាសហគមន៍ ៣,០៨៣កន្លែង, សាលារៀនសាធារណៈ ១៣,៦៨១កន្លែង និងសាលារៀនឯកជន ១,៦៦៦កន្លែង៕



Powered by Blogger.