យន្តហោះដ្រូនអាមេរិកបានធ្លាក់ក្រោយពេលប៉ះនឹងយន្តហោះ ចម្បាំងរុស្ស៊ី (BBC)

Read News: យន្តហោះចម្បាំងរបស់រុស្ស៊ី បានប៉ះទង្គិចគ្នាជាមួយនឹងយន្តហោះដ្រូនរបស់សហរដ្ឋអាមេរិក ដែលបានបណ្ដាលឲ្យយន្តហោះដែលគ្មានមនុស្សបើកនោះ ធា្លក់ចូលទៅក្នុងសមុទ្រខ្មៅ។ នេះបើយោងតាមការបញ្ជាក់ពីយោធារបស់សហរដ្ឋអាមេរិក។

ឧប្បត្តិហេតុនេះ រំលេចឲ្យឃើញពីការកើនឡើងនូវហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។

សហរដ្ឋអាមេរិកនិយាយថា យន្តហោះដ្រូននោះ កំពុងធ្វើប្រតិបត្តិការធម្មតារបស់ខ្លួននៅក្នុងដែនអាកាសអន្តរជាតិ ហើយនៅពេលនោះ យន្តហោះចម្បាំងពីរគ្រឿងរបស់រុស្ស៊ី បានព្យាយាមស្ទាក់យន្តហោះដ្រូននោះ ។
រុស្ស៊ី និយាយថា យន្តហោះដ្រូននោះ បានធ្លាក់ដោយសារតែការហោះហើររបស់ខ្លួន ហើយបានបដិសេធថា យន្តហោះចម្បាំងទាំងពីរគ្រឿងរបស់ខ្លួនពុំបានប៉ះពាល់ដោយផ្ទាល់ចំពោះយន្តហោះដ្រូននោះឡើយ។
ក្រសួងការពារជាតិរបស់រុស្ស៊ី និយាយថា យន្តហោះដ្រូននោះបានហោះហើរដោយបានបិទឧបករណ៍ផ្ដល់សញ្ញារបស់ខ្លួន ដែលជាឧបករណ៍សម្រាប់ទំនាក់ទំនង ហើយអនុញ្ញាតឲ្យយន្តហោះនោះ អាចត្រូវបានពិនិត្យតាមដានគន្លងផ្លូវរបស់វាបាន។
យន្តហោះដ្រូន ប្រភេទ រីបភ័រ (Reaper) នេះ ជាយន្តហោះស៊ើបការណ៍ ដែលមានស្លាបប្រវែង ២០ ម៉ែត្រ ។
សេចក្ដីថ្លែងការណ៍របស់យោធាសហរដ្ឋអាមេរិកបានឲ្យដឹងថា មុនពេលដែលមានការធ្លាក់នោះ យន្តហោះចម្បាំងរបស់រុស្ស៊ី បានស្រោចប្រេងពីរបីលើកលើយន្តហោះដ្រូននោះ ។ សហរដ្ឋអាមេរិកបានកោះហៅទូតរុស្ស៊ីប្រចាំនៅរដ្ឋធានីវ៉ាស៊ិនតោន ដើម្បីតវ៉ាចំពោះទង្វើរបស់ប្រទេសរុស្ស៊ីនោះ ។
Powered by Blogger.