ច្រកព្រំដែនខេត្តបន្ទាយមានជ័យ ក្នុងមួយថ្ងៃៗអាចរកចំណូលថវិកាចូលរដ្ឋជាង ១លានដុល្លារ

ភ្នំពេញ៖ អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា ចំណូលពន្ធគយដែលអាចទាញបានពីតាមច្រកព្រំដែននានា ក្នុងខេត្តបន្ទាយមានជ័យ រកដាក់ចូលក្នុងចំណូលជាតិ បានប្រមាណពី១-១,៥លានដុល្លារអាម៉េរិកក្នុងមួយថ្ងៃៗ ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អុំ រាត្រី មានប្រសាសន៍ថា ​ដោយខេត្តនៅជាប់នឹងព្រំដែន​ប្រទេសថៃ ​ដែលជាកត្តាអំណោយផលល្អ ​ដល់ការដោះដូរ ដឹកជញ្ជូនទំនិញ ​ការធ្វើពាណិជ្ជកម្ម ការ​ធ្វើដំណើរចេញ-ចូល ទេសចរណ៍ ​ការធ្វើកិច្ចសហប្រតិបត្តិការ ​និងបានជួយជំរុញដល់​កំណើន​សេដ្ឋកិច្ចរបស់ខេត្តផងដែរ ។

ឯកឧត្តមបន្តថា ច្រកព្រំដែនខេត្តបន្ទាយមានជ័យ​ ក្នុងថ្ងៃខ្លះ ​អាចប្រមូលពន្ធគយទាបជាង​ច្រក​ខេត្តព្រះសីហនុ និងថ្ងៃខ្លះមានចំនួនច្រើនជាង ​ដែលជាមធ្យមបានប្រមាណពី ១លាន ទៅ១លានដុល្លារ​កន្លះ សម្រាប់ដាក់ចូលក្នុងចំណូលជាតិ​ ដែលនេះនៅមិនទាន់និយាយ ពីការ ប្រមូល​ចំណូលផ្ទៃក្នុងនោះទេ ។

ឯកឧត្តមអភិបាលខេត្តបន្តថា ​បច្ចុប្បន្ន​ខេត្តបន្ទាយមានជ័យ មានកសិផលមានសក្ដានុពល​ជា​ច្រើនប្រភេទ នាំទៅកាន់ប្រទេសថៃ ​មានដូចជា ដំឡូងមី ម្ទេសក្រៀម អំពៅ ពោតក្រហម ស្វាយចន្ទី និងស្រូវជាដើម ​ខណៈខេត្តបន្ទាយមានជ័យ ​មានច្រកព្រំដែនធំៗមួយចំនួន​ ដើម្បីធ្វើពាណិជ្ជកម្ម និង​ចេញ-ចូលឆ្លងដែន ក្នុងមានច្រកអន្តរជាតិប៉ោយប៉ែត​ ច្រកស្ទឹងបត់ ច្រកអូរបីជាន់ និងច្រកបឹងត្រកួនជាដើម ។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ចំពោះច្រកស្ទឹងបត់ ​រហូតមកដល់ពេលនេះ នៅមិនទាន់​សម្រេចការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធបាន ​១០០ភាគរយនៅឡើយទេ ប៉ុន្តែដើម្បី​ជួយ​សម្រួលការដល់ដឹកទំនិញ ​ភាគីកម្ពុជា ​និងថៃ ​ក៏បានសម្រេចបើកច្រកនេះ ឲ្យមានការ​ដឹកជញ្ជូន​ទំនិញឆ្លងដែន ​ដើម្បី​បញ្ចៀស​ការកក់ស្ទះនៅតាមច្រកផ្សេងៗ ៕









Powered by Blogger.