អាវុធហត្ថខេត្តបន្ទាយមានជ័យ បបញ្ជូនក្មេងក្មេកទំនើង ០៤នាក់ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា
បន្ទាយមានជ័យ: កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ឃាត់ក្មេងទំនេីងចំនួន០៤នាក់ ករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តកាលពីវេលាម៉ោង១៣និង៤០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
យោងតាមពាក្យបណ្តឹងជនរងគ្រោះឈ្មោះ ថា សុធា (ពៅ) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា ជនសង្ស័យទាំង០៤នាក់ ៖ ១.ឈ្មោះ ឡាត់ ប៊ុនថង ភេទប្រុស អាយុ១៧ឆ្នាំ, ២.ឈ្មោះ រុន ចាន់រ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ, ៣.ឈ្មោះ វុន ចំរើន ភេទប្រុស អាយុ១៦ឆ្នាំ, ៤.ឈ្មោះ វ៉ាន់ វីន ភេទប្រុស អាយុ១៤ឆ្នាំ។ ក្មេងទំនេីងទាំង០៤នាក់ មានទីលំនៅបច្ចុប្បន្នភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ វត្ថុតាង រួមមាន ១.កាំបិតខ្វែវដងឈើប្រវែង១០៦សង់ទីម៉ែត្រ ចំនួន០១ដើម, ២.កាំបិតខ្វែវដងដែកប្រវែង៧២សង់ទីម៉ែត្រ ចំនួន០១ដើម, ៣ដុំថ្ម ចំនួន០១ដុំ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានបន្តថា នៅវេលាម៉ោង១៣និង៤៩នាទី ជនរងគ្រោះបានជិះម៉ូតូជាមួយបងប្អូនជីដូនមួយទៅលេងផ្ទះបងប្រុសនៅម្តុំភូមិខ្លាកូនចាស់ ដើម្បីទៅចូលរួមកម្មវិធីខួបកំណើត ពេលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានក្មេងស្ទាវមួយក្រុមមានគ្នាប្រហែល០៥នាក់ ពុំស្គាល់អត្តសញ្ញាណ បានស្រែកជេរនិងបក់ដៃហៅរូបខ្លួន ពេលនោះរូបខ្លួនបានបត់ម៉ូតូមកវិញដើម្បីសួរនាំ តែពុំទាន់បានសួរផង ស្រាប់តែបក្សពួកមួយក្រុមដែលបានហៅខ្លួន បានយកដុំថ្មវ៉ៃមកលើក្បាលរូបខ្លួន និងបានវ៉ៃគ្នាទៅវិញទៅមក ធ្វើឱ្យរូបខ្លួនមានរបួសត្រង់កញ្ចឹងក ចំនួន០១កន្លែង និងឃើញក្រុមរបស់វាទាញកាំបិតខ្វែវ ចំនួន០២ដើម មកដេញកាប់រូបខ្លួន តែកាប់មិនត្រូវហើយរូបខ្លួន និងប្អូនបានរត់ចោលម៉ូតូ ពេលនោះពួកវា បានគប់និងកាប់បំផ្លាញម៉ូតូរបស់ខ្លួនបណ្តាលឱ្យខូចខាតធ្ងន់ធ្ងរ។
ក្រោយពីទទួលបានពាក្យបណ្តឹង ខាងលើរួច នៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ចុះដល់កន្លែងកើតហេតុហើយធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យនិងដកហូតវត្ថុតាងយកមកសួនាំតាមនីតិវិធីនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងសេរីសោភ័ណ្ឌតែម្ដង។
ក្រោយឃាត់ខ្លួន និងសួនាំរួចក្រុមក្មេងទំនេីងទាំង០៤នាក់បានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបានធ្វេីកសកម្មភាពប្រេីហិង្សាទៅលេីជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកតាមចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ្ឌ បានកសាងសំណុំរឿងបញ្ជូនខ្លួនមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ ។
បច្ចុប្បន្ន ក្មេងទំនេីងទាំង៤នាក់រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣នេះ៕
Post a Comment