ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើសេចក្តីជូនដំណឹង ជូនសារធារណៈជន៖ មានជនខិលខូចមួយ បានបង្កើត ហ្វេសប៊ុក ក្លែងក្លាយ ដោយប្រើប្រាស់រូប លោកស្នងការ

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ  ធ្វើសេចក្តីជូនដំណឹង ជូនសារធារណៈជន មានជន ខិលខូចមួយ បានបង្កើត ហ្វេសប៊ុក ក្លែងក្លាយ ដោយប្រើប្រាស់រូប លោក ស្នងការ ។ យោងតាមការបង្ហោះ ក្នុង ផេកផ្លូវការ របស់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២៣ ខ្លឹមសារមានដូចខាងក្រោម៖

 សេចក្តីជូនដំណឹង

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន ពិសេសអ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គមទាំងអស់ មេត្តាជ្រាបថា ថ្មីៗនេះ មានជនខិលខូចមួយចំនួនបានបង្កើត ទំព័រហ្វេសប៊ុក (Facebook Page) ក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះ ភូ សុផល និងបានប្រើប្រាស់រូបភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជានិម្មិតសញ្ញា (Logo)។
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមធ្វើការបដិសេធទាំងស្រុង នឹងមិនទទួលខុសត្រូវឡើយ ក្នុងករណីបើម្ចាស់ហ្វេសប៊ុកក្លែងក្លាយខាងលើ បង្ហោះពត៌មាននាំឲ្យបង្កចលាចលសង្គម ឬប្រព្រឹត្តបទល្មើសខុសច្បាប់ផ្សេងៗ។ បន្ថែមពីលើនេះ ដើម្បីឱ្យសាធារណជន ងាយស្រួលក្នុងការបែងចែករវាងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងគណនីហ្វេសប៊ុកក្លែងក្លាយ ។ ដើម្បីងាយចំណាំសូមបញ្ជាក់ថា ទំព័រហ្វេសប៊ុកផ្លូវការរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ មានឈ្មោះជាភាសារអង់គ្លេសថា Sith Luos មានអ្នកគាំទ្រ ចំនួន 15781 Follower (ហ្វេសប៊ុកពិតប្រាកដ) មានរូបProfile ពាក់ឯកសណ្ឋាននគរបាលជាតិ។ ចំពោះគណនីហ្វេសប៊ុកក្លែងក្លាយ មានឈ្មោះ ភូ សុផល មានហ្វ្រែនគាំទ្រ ចំនួន០៨នាក់ និងអ្នកFollwer ចំនួន០២នាក់,រីឯ Profile លួចប្រើប្រាស់រូបលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដោយគ្មានការអនុញាតិ។
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវចំពោះ លោក លោកស្រី ដែលបានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយខាងលើ ដែលប្រើប្រាស់រូបភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ត្រូវបញ្ឈប់សកម្មភាព និងលុបរូបភាព ចេញហ្វេសប៊ុកក្លែងក្លាយនេះជាបន្ទាន់ ករណីមិនអនុវត្តតាមការណែនាំ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នឹងចាត់វិធានការស្រាវជ្រាវ ស្វែងរកជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ជាធរមាន។
អាស្រ័យហេតុនេះ សូមសាធារណជន ពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕




Powered by Blogger.