កូរ៉េខាងជើងថា អង្គការសហប្រជាជាតិគួរតែបញ្ជាឱ្យកូរ៉េខាងត្បូង និងអាម៉េរិកបញ្ចប់សមយុទ្ធយោធាជាបន្ទាន់
ក្រសួងការបរទេសកូរ៉េខាងជើងនៅព្រឺកថ្ងៃអាទិត្យនេះ បានអំពាវនាវដល់អង្គការសហប្រជាជាតិបញ្ជាឱ្យសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូងបញ្ឈប់សមយុទ្ធយោធារូមគ្នារបស់ពួកគេជាបន្ទាន់ ដោយនិយាយថា សម្ព័ន្ធមិត្តទាំងពីរនេះកំពុងបង្កើនភាពតានតឹងក្នុងតំបន់។
លោក គីម សុនហ្គីយ៉ុង (Kim Son Gyong) អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកអង្គការអន្តរជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ថា សមយុទ្ធ និងវោហាសាស្ត្ររបស់ប្រទេសសម្ព័ន្ធមិត្តទាំងពីរ កំពុងបង្កើនកម្រិតនៃការប្រឈមមុខគ្នា ដោយគ្មានការទទួលខុសត្រូវ។
លោក គីម បានកត់សម្គាល់យ៉ាងដូច្នេះថា៖ «អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ នឹងត្រូវជំរុញយ៉ាងខ្លាំងដល់សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង ឱ្យបញ្ឈប់ជាបន្ទាន់នូវសុន្ទរកថាបង្កហេតុ និងសមយុទ្ធយោធារួមគ្នារបស់ពួកគេ»។ លោកបានបន្តថា៖ «វាជារឿងដ៏គួរឱ្យសោកស្ដាយដែលអង្គការសហប្រជាជាតិបន្តភាពស្ងៀមស្ងាត់លើសមយុទ្ធដែលមានលក្ខណៈឈ្លានពានយ៉ាងច្បាស់លាស់បែបនេះ»។
ការកត់សម្គាល់របស់លោកត្រូវបានធ្វើឡើងបន្ទាប់ពីមន្ត្រីអាម៉េរិក និងកូរ៉េខាងត្បូងបានឱ្យដឹងកាលពីថ្ងៃសុក្រថា ទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូលនឹងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ក្នុងរយៈពេលជាង ១០ថ្ងៃនៅក្នុងខែមីនា រួមទាំងការចុះចតលើអាកាស។ យ៉ាងណាមិញ សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូងអះអាងថា សមយុទ្ធនេះធ្វើឡើងក្នុងគោលបំណងការការពារខ្លួនទាំងស្រុង និងភាពចាំបាច់បំផុត ដើម្បីទប់ទល់នឹងកំណើននៃការគំរាមកំហែងពីកម្មវិធីមីស៊ីលផ្លោង និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលត្រូវបានហាមឃាត់ដោយដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
សម្ព័ន្ធមិត្តទាំងពីរក៏បានធ្វើសមយុទ្ធដែនអាកាសរួមគ្នាកាលពីថ្ងៃសុក្ ដោយចូលរួមដោយវត្តមានរបស់យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយរបស់អាម៉េរិក និងយន្តហោះចម្បាំងកូរ៉េខាងត្បូង ព្រមទាំងបានធ្វើសមយុទ្ធជាច្រើនសប្តាហ៍សម្រាប់កងទ័ពពិសេសផងដែរ។
ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃសៅរ៍បានស្តីបន្ទោសសហរដ្ឋអាម៉េរិកចំពោះអ្វីដែលខ្លួនបាននិយាយថាជាការដួលរលំនៃប្រព័ន្ធគ្រប់គ្រងអាវុធអន្តរជាតិ ហើយបានអះអាងថា អាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង គឺជាការឆ្លើយតបដ៏ត្រឹមត្រូវមួយ ដើម្បីធានាតុល្យភាពនៃអំណាចនៅក្នុងតំបន់។ បន្ថែមលើនោះ កាលពីខែមុន លោក គីម បានចេញសេចក្តីថ្លែងការណ៍មួយដោយគូសបញ្ជាក់ថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អេនថូនីញ៉ូ ហ្គូតែរេស (Antonio Guterres) បង្ហាញភាពអយុត្តិធម៌បំផុត លើការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង៕
Post a Comment