ក្លឹបកម្សាន្តធំៗ១ចំនួន មិនបានចុះបញ្ជីពន្ធដារឡើយ

ភ្នំពេញ៖ ការចុះអង្កេតសហគ្រាសបានរកឃើញអាជីវកម្មជាច្រើន ក្នុងនោះមានក្លឹបកម្សាន្តធំៗមួយចំនួនមិនបានចុះបញ្ជីពន្ធដារចុះបញ្ជីបានត្រឹមត្រូវតាមកម្រិតផលរបរនោះទេ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ ដោយពុំបានបញ្ជាក់ថ ក្លឹបកម្សាន្តធំៗចំនួនប៉ុន្មាន ឈ្មោះ ក្លឹបអ្វីខ្លះ និងនៅទីណាខ្លះឡើយ។

ការលើកឡើងរបស់ឯកឧត្តម គង់ វិបុល ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកុម្ភៈ និងសម្រាប់រយៈពេល ២ខែ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្តម គង់ វិបុល អំពាវនាវឱ្យម្ចាស់អាជីវកម្មដែលមិនទាន់បានចុះបញ្ជីពន្ធដារ ឱ្យមកបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដា និងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាសចៀសវាងនូវការផាកពិន័យទោសទណ្ឌនានា។ 

សូមជម្រាបថា ចំណូលពន្ធអាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន ក្នុងខែកុម្ភៈ ឆ្នាំ២០២៣នេះ តាម​រយៈ​​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ គឺមានចំនួន ២៣៨.៦០លានដុល្លារ ដែលស្មើនឹង៦.៦៨% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ បើធៀបនឹងចំណូលពន្ធអាករប្រចាំខែកុម្ភៈ ឆ្នាំ២០២២ ឃើញថា កើនឡើងចំនួន ប្រមាណជា១៤.៦៤លានដុល្លារ ស្មើនឹង៦.៥៤%៕

Powered by Blogger.