ដំរី ប្រមាណ​៤០០​ទៅ​៦០០​ក្បាលមាន​វត្ត​មាននៅ​កម្ពុជា

 ខេត្តមណ្ឌលគិរី ៖ នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ ដំរី​អាស៊ី​មាន​ចំនួន​ប្រមាណ​ចន្លោះ​ពី​៤០០ ទៅ​៦០០ ក្បាល ដែល​ភាគច្រើន​រស់នៅ​ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ តំបន់​ខ្ពង់រាប​ខាងជើង​បឹង​ទន្លេសាប និង​តំបន់​ខ្ពង់រាប​ភាគ​ខាងកើត ក្នុង​ខេត្តមណ្ឌលគិរី រតនគិរី និង​ស្ទឹង​ត្រែង​ដែល​ជា​តំបន់ជីវៈ​ចម្រុះ​ដ៏​សំបូរ​បែប​ប្រព័ន្ធ​អេកូ​ទ្បូ​ស៊ី​។​នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងបរិស្ថាន​បាន​ផ្សាយ​នា​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៣​។

ក្រសួងបរិស្ថាន​បាន​បន្ត​ទៀត​ថា តំបន់​ទាំងនេះ​មាន​សក្តានុពល​ខ្ពស់ និង​មាន​ទី​ជម្រាល​អំណោយផល​ដល់​ការ​រស់នៅ​របស់​សត្វ​ដំរី និង​សត្វព្រៃ​ផ្សេង​ៗ​ទៀត​។ ចំណែក​ដំរី​ស្រុក​ត្រូវ​បាន​ប៉ាន់​ស្មានថា​មាន​ចំនួន​ជាង ៧០ ក្បាល​។

ដំរី​អាស៊ី​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ប្រភេទ​សត្វ​បង្គោល​ដ៏​សំខាន់​ដោយសារ​សារៈសំខាន់​ផ្នែក​វប្បធម៌ តួនាទី​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី និង​សក្តានុពល​ដែល​អាច​ការពារ​ដល់​ការ​រស់រាន​នៃ​ប្រភេទ​សត្វ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ដែន​ជម្រក​របស់​វា​។ដំរី​មាន​តួនាទី​ជា​សត្វ​ពង្រាយ​គ្រប់​ពូជ​ក្នុង​ប្រ​ព​ន្ធ័​អេកូឡូស៊ី​។ វា​បើក​កកាយ​ដី​ច្រាប អំណោយផល​ដល់​សត្វ​ដ៏​ទៃ​ទៀត​ប្រើប្រាស់​។

ដំរី​អាស៊ី​កំពុង​តែ​ទទួល​រង​ការ​គំ​រា​.​ម​កំ​ហែ​.​ង​ធ្ងន់ធ្ងរ​នៅ​ទូ​ទាំង​ដែន​ជម្រក​របស់​វា នៅ​លើ​សកលលោក ហើយ​ត្រូវ​បាន​ចាត់​បញ្ចូល​ជា​ប្រភេទ​ជិត​ផុត​ពូជ​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្ដរជាតិ​ដើម្បី​ការ​អភិរក្ស​ធម្មជាតិ (IUCN)៕





Powered by Blogger.