អាជ្ញាធរខេត្តបាត់ដំបង ចុះប្រមូលជនវិបល្លាស សតិមិនគ្រប់ និងជនបែកថ្នាំ យកទៅមណ្ឌលកែប្រែស្តានិតិសម្បទា

ខេត្តបាត់ដំបង៖ កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាត់ដំបង ក្រោមការដឹកនាំរបស់លោក លាង វាសនា អភិបាលក្រុង បានចុះប្រមូលយកជនវិបល្លាស សតិមិនគ្រប់ និងជនបែកថ្នាំ ទៅមណ្ឌលបន្សាប ព្យាបាល និងស្តានិតិសម្បទា នៃមណ្ឌលសំចតមន្ទីរសង្គមកិច្ចខេត្ត កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣...។

លោកអភិបាលក្រុង បានឱ្យដឹងថា នៅក្នុងយុទ្ធនាការប្រមូលយកបងប្អូនជនវិបល្លាស ជនមានសតិមិនគ្រប់ និងជនបែកថ្នាំ គឺអនុវត្តធ្វើឡើងតាមការណែនាំ និងទទួលបទបញ្ជាផ្ទាល់ពីឯកឧត្តម សុខ លូ អភិបាលខេត្ត ដែលបានយកចិត្ដទុកដាក់ស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង ធ្វើយ៉ាងណាឱ្យទីក្រុងស្អាត ពិសេសលុបបំបាត់មិនឱ្យមានជនទាំងនេះនៅតាមទីសាធារណៈ។

ជាមួយយុទ្ធនាការចុះប្រមូលចាប់យកជនទាំងនេះ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ បានដឹកនាំកម្លាំងចុះចាប់ប្រមូលបានជនវិបល្លាស ជនសតិមិនគ្រប់ និងជនបែកថ្នាំ សរុបបានចំនួន៤៥នាក់ ក្នុងនោះស្រី៧នាក់ យកមកតេស្តស្វែងរកសារធាតុញៀន រួចបានបញ្ជូន២៦នាក់ ទៅកាន់មណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាកែស៊ីនួន ក្នុងស្រុករតនៈមណ្ឌល និង១៩នាក់ទៀត បញ្ជូនទៅកាន់មណ្ឌលសំចតមន្ទីរសង្គមកិច្ច ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។

គួរបញ្ជាក់ថា ក្រោយការចុះប្រមូលចាប់ឃាត់ជនទាំងនោះរួចហើយ លោកអភិបាលក្រុង ក៏បានឱ្យដឹងបន្ថែមថា ចាប់ពីពេលនេះតទៅ អាជ្ញាធរក្រុង និងបន្តអនុវត្តវិធានការបែបនេះជារៀងរាលថ្ងៃ ពោលគឺឃើញមួយចាប់មួយ ឃើញពីរចាប់ពីរ គឺធ្វើបន្តដូចភ្លៀងរលឹម...៕ 



Powered by Blogger.