ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបើកពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាពបើកពិធីបុណ្យទន្លេលើកទី៧ ដែលប្រារព្ធឡើងនៅសួនច្បារស្ទឹងសែន ក្នុងខេត្តកំពង់ធំ។

ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត (Our River for Now and Next)»

ឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណ៤០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមានក្តីសោមនស្សរីករាយ ដែលបានអញ្ជើញ​ចូលរួមបើកពិធីបុណ្យទន្លេក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត» ដ៏មហាឡារិក។

* សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការ-អន្តរក្រសួង ក្រសួងទេសចរណ៍ ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាល ខេត្តកំពង់ធំ និងវិស័យឯកជន ដែលបានរួមសហការគ្នារៀបចំ​ពិធីបុណ្យ​ទន្លេលើកទី៧ បន្ទាប់ពីការខកខាន ៣ឆ្នាំ ដោយសារជំងឺកូវីដ-១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមុនផ្ទុះឡើងជំងឺកូវីដ១៩ សម្រេចបាន កំណើនសេដ្ឋកិច្ច ៧.៥ភាគរយ នៅឆ្នាំ ២០១៨ និង ៧.១ភាគរយនៅឆ្នាំ២០១៩។ នៅឆ្នាំ២០២០ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ បានរុញច្រានសេដ្ឋកិច្ចកម្ពុជា ឱ្យធ្លាក់ក្នុងកំណើនអវិជ្ជមាន ៣.១ភាគរយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងស្មារតីបុរេសកម្មរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយមួយចំនួនសំដៅគាំទ្រ​សេដ្ឋកិ​ច្ច​ឱ្យចាកចេញពីកំណើនអវិជ្ជមាន ក្នុងរយៈពេលដ៏ខ្លីដោយធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញ យ៉ាងឆាប់ជាមួយកំណើន ៣ភាគរយ នៅឆ្នាំ២០២១ នៅឆ្នាំ២០២២ មានកំណើន ៥.២ភាគរយ ហើយនៅឆ្នាំ២០២៣ រំពឹងថានឹងមានកំណើន ៥.៦ភាគរយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ជា វិស័យអាទិភាព និងជា «មាសបៃតង» រួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់ និងដោយប្រយោល ជំរុញការនាំចេញនៅនឹងកន្លែង បង្កើនចំណូលជាតិ ទ្រទ្រង់កំណើនសេដ្ឋកិច្ច ចូលរួមដល់ការអភិរក្សវប្បធម៌ និងថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិរបស់យើងប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជានឹងបន្តទទួលបាននូវការរីកចម្រើនបន្ថែមទៀត ពីសក្តានុពលនៃធនធានដែលមានទាំង ធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រជាដើម។ ប៉ុន្តែមិនត្រូវភ្លេចអំពីកត្តាបុព្វលក្ខខណ្ឌនានា ដែលធានា ដល់ការរីកលូតលាស់ទាំងអស់នេះ ក្នុងនោះមានការធានាសុខសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាព និងសណ្តាប់ឆ្នាប់ សង្គមពេញលេញក្រោមនយោបាយឈ្នះឈ្នះ ដែលជាកត្តាអនុគ្រោះ សម្រាប់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព ក្នុងរយៈពេលវែង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលតែងបានគាំទ្រ និងផ្តល់ អាទិភាពដល់ការអភិវឌ្ឍដែលទ្រទ្រង់ និងគិតគូរដល់ការអភិរក្ស សម្បត្តិធនធានដ៏មានតម្លៃ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវច្បាប់ និងបទដ្ឋានគតិយុត្តនានាសម្រាប់ការគ្រប់គ្រង ថែរក្សា ការពារ និងអភិរក្ស បង្កើនកិច្ចសហការពីសំណាក់គ្រប់ភាគីពាក់ព័ន្ធ ក្រសួង-ស្ថាប័ន អាជ្ញាធរមូលដ្ឋាន អង្គការជាតិអន្តរជាតិ វិស័យឯកជន និងប្រជាពលរដ្ឋមូលដ្ឋាន ដែលជាយន្តការ ចាំបាច់សម្រាប់ធានាការអភិវឌ្ឍប្រកបដោយចីរភាព និងចូលរួម ដល់ការទប់ស្កាត់បញ្ហាផ្លាស់ប្តូរ​អាកាសធាតុ សំដៅឆ្ពោះទៅរកការកសាងសេដ្ឋកិច្ចបៃតងនៅកម្ពុជា ក៏ដូចជាការអភិវឌ្ឍបៃតងនៅតំបន់តាមដងទន្លេផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា បានបែងចែកដីបឹងទន្លេសាបជា ៣តំបន់ ដើម្បីបង្កភាពងាយស្រួលដល់ការគ្រប់គ្រង។ ក្នុងនោះដីតំបន់៣ ជាដីដែលមិនអាចអាស្រ័យផល និងមិនអាចធ្វើជាម្ចាស់កម្មសិទ្ធិបានឡើយ តំបន់២ ជាដីដែលអាចអាស្រ័យផល ប៉ុនែ្តមិនអាចធ្វើជាម្ចាស់កម្មសិទ្ធិ និងតំបន់១ ជាដីដែលអាចអាស្រ័យផល និងអាចធ្វើជាម្ចាស់-កម្មសិទ្ធិបាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការងារគ្រប់គ្រងបឹងទន្លេសាបត្រូវគិតទៅលើការងារ២ សំខាន់ គឺការអភិរក្ស និងការគិតគូរដល់ការរស់នៅ និងអាស្រ័យផលរបស់ប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាចាំបាច់ត្រូវរក្សាវត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាព ដែលជាចំណុចធំជាងគេ ក្នុងចំណោមចំណុចដែលទាក់ទងជាមួយ ការអភិវឌ្ឍន៍នៃបណ្តាប្រជាជននៅលើពិភពលោក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានសន្តិភាព គ្មានការអភិវឌ្ឍ គ្មានសន្តិភាព វាក៏គ្មានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ហើយបើគ្មានសន្តិភាព វាក៏គ្មានអ្វីៗទាំងអស់។

* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវប្រជាពលរដ្ឋនៅទូទាំងប្រទេសរួបរួមគ្នា ដើម្បីរក្សាការពារនូវសន្តិភាពដែលរកបានទាំងលំបាក និងមិនត្រូវឱ្យប្រទេសណាមួយ ឬ ក្រុមណាមួយមកបំផ្លាញសន្តិភាពនៅក្នុង ប្រទេសនេះទេ ទោះក្នុងតម្លៃណាក៏ដោយ យើងទាំងអស់គ្នាត្រូវរក្សាសន្តិភាពនេះឱ្យខានតែបាន ដើម្បីធានាដល់ការអភិវឌ្ឍ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនខ្វល់ថាមានរឿងអ្វីនោះទេ នរណាមានបំណងបំផ្លាញសន្តិភាព គឺមិនខ្លាចនឹងប្រើចំណាត់ការនោះឡើយ ទោះក្នុងតម្លៃណាក៏ដោយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានសន្តិភាព កុំនិយាយដល់សិទ្ធិសេរីភាព និងប្រជាធិបតេយ្យ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ពីអតីតកាលកំពង់ធំមិនអាចរៀបចំការជួបជុំដូចបច្ចុប្បន្ននេះបានឡើយ បើរៀបចំនឹងមានការបាញ់ផ្លោង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជក់ចិត្តនឹងផលិតផល ដែលផលិតដោយដៃខ្មែរនៅតាមស្តង់នានា។

* សម្តេចតេជោ ហ៊ុន សែន រំពឹងថា កម្ពុជា នឹងក្លាយជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើនបំផុតនាពេលអនាគត។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងអាជ្ញាធរពាក់ព័ន្ធ ដែលបានប្រឹងប្រែងលើការកំណត់ដីនៅជុំវិញបឹងទន្លេសាប។

* សម្តេចតេជោ ហ៊ុន សែន ណែនាំបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ពិសេសជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ឱ្យបានម៉ត់ចត់ និងជាប់ជាប្រចាំ។

* សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តជុំវិញបឹងទន្លេសាប ត្រូវបន្តជំរុញកិច្ចការវាស់វែង និងឆ្វៀលដីចេញពីតំបន់២ និងតំបន់៣ នៃផ្ទៃបឹងទន្លេសាប ឱ្យបានចប់សព្វគ្រប់ និងឆាប់រហ័ស ដើម្បីផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋនៅតំបន់១ និងការអាស្រ័យផលនៅតំបន់២ និងបន្តរស់នៅអាស្រ័យផលនៅតំបន់៣។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋបានទិញទិញស្ថានីយបូមទឹកទាំងអស់នៅក្នុងខេត្តកំពង់ធំ តម្លៃសរុបប្រមាណ ២លានដុល្លារ ដើម្បីបន្ថយថ្លៃឈ្នួលបូបទឹកពីប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន ទន្លេមេគង្គ និងទន្លេសាប លែងឆ្ងាយពីគ្នាហើយ តាមរយៈគម្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងខេត្តក្រចេះ និងខេត្តកំពង់ធំ និងកំពង់ធំ ទៅកំពង់ឆ្នាំង។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ផ្លូវ និងស្ពានតភ្ជាប់ខេត្តកំពង់ឆ្នាំង និងកំពង់ធំ នឹងចាប់ផ្តើមបើកការដ្ឋាននៅឆ្នាំ២០២៤

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គំនិតចង់ស្តារបឹងទន្លេសាបមិនមែនមិនធ្លាប់គិតនោះទេ តែមកពីការខ្វះលទ្ធភាព។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានការផ្តល់គំនិតធ្វើទំនប់ទប់ទឹកបឹងទន្លេសាប តែជារឿងមិនអាចធ្វើទៅបាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យទេសចរណ៍ខេត្តកំពង់ធំ ជារឿងមួយលំបាក ព្រោះអ្នកទេសចរទៅផុត មកផុត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់ខេត្តកំពង់ធំ វិនិយោគលើសណ្ឋាគារលំបាក តែអាចល្អសម្រាប់អាហារដ្ឋាន។

* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យអាជ្ញាធរខេត្តកំពង់ធំ រិះរកផលិតផល ចំណីអាហារសម្រាប់ទាក់ទាញអ្នកទេសចរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍តំបន់តាមដងទន្លេ ជាពិសេសបណ្តាខេត្តជុំវិញ បឹងទន្លេសាប លើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដែលបម្រើឱ្យវិស័យទេសចរណ៍ ការតភ្ជាប់ និងការដឹកជញ្ជូន ជាដើម ជាពិសេស ពិនិត្យលទ្ធភាពក្នុងការសាងសង់ស្ពានឆ្លងទន្លេសាប និងបឹង-ទន្លេសាប ការតភ្ជាប់ស្ពាន និងផ្លូវពីកំពង់ឆ្នាំងមកកំពង់ធំ។

* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យបន្តជំរុញការផលិត ដើម្បីផ្គត់ផ្គង់ដល់ទេសចរ ដែលជាទិសដៅ «នាំចេញនៅនឹងកន្លែង»

* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់​អាវុធគ្រប់ប្រភេទ ជនរួមជាតិ និងវិស័យឯកជន ចូលរួមឱ្យបានផុសផុលប្រកប​ដោយស្មារតីទទួលខុសត្រូវ ធ្វើឱ្យពិធីបុណ្យទន្លេឆ្នាំនេះប្រកបដោយជោគជ័យ និងចូលរួមឱ្យកាន់តែសកម្មក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋាន ស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» និងសហការថែរក្សាសោភ័ណភាព អនាម័យ និងបរិស្ថាន ដែលកត្តាចម្បងមិនអាចខ្វះបាន ក្នុងការថែរក្សាតំបន់តាមដងទន្លេឱ្យស្រស់ស្អាត យូរអង្វែង ដើម្បីបន្តជាមរតកដល់កូនចៅជំនាន់ក្រោយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែងលើកិច្ចការពារ និងអភិរក្សបរិស្ថានធនធាន ធម្មជាតិ ដោយឈរលើគោលការណ៍ «ការអភិវឌ្ឍបម្រើឱ្យការ-អភិរក្ស រីឯការអភិរក្សបម្រើឱ្យការអភិវឌ្ឍ» ដោយត្រូវរួមគ្នា «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ» ដើម្បីឱ្យតំបន់តាមដងទន្លេក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ។








Powered by Blogger.