ផ្ទះពលរដ្ឋជិត៤០ខ្នង ក្នុងស្រុកចំនួន៣នៅខេត្តបាត់ដំបង ត្រូវបំផ្លាញដោយខ្យល់កន្រ្តាក់

ខេត្តបាត់ដំបង៖ មិនខុសពីខេត្តបន្ទាយមានជ័យឡើយនៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ផ្ទះប្រជាពលរដ្ឋចំនួន៣៥ខ្នង ត្រូវបានបំផ្លាញដោយគ្រោះធម្មជាតិខ្យល់កន្រ្តាក់នៅស្រុកចំនួន៣ នៃខេត្តបាត់ដំបង​។

យោងតាមរបាយការណ៍បឋម ពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានឱ្យដឹងថា មានស្រុកចំនួនបីទទួលរងផលប៉ះពាល់ពីគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣​ ដោយករណីទី-១ កើតឡើងនៅស្រុកសង្កែ ប៉ះពាល់ទៅលើឃុំអូរដំបង១ និងឃុំវត្តតាមិម ខូចខាតផ្ទះ១៣ខ្នង កុដិចាស់ទ្រុឌទ្រោមទុកចោល០១ខ្នង , រោងគោ០១ , ម៉ូតូ០១គ្រឿង និងរលំដើមឈើអស់ជាច្រើនដើម។ ករណីទី-២ កើតឡើងក្នុងស្រុកគាស់ក្រឡ ប៉ះពាល់ទៅលើភូមិគោកពោន ឃុំធិបតី បណ្តាលឱ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋខូចខាតអស់ជាបឋមចំនួន០៧ខ្នង, និងករណីទី-៣ វេលាម៉ោង១៨ៈ១០នាទី មានភ្លៀងលាយឡំ និងខ្យល់កន្រ្តាក់ បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋ១៥ខ្នង ក្នុងនោះរលំធ្លាក់ពីលើជើងតាងចំនួន០១ខ្នងផ្ទះ និងរបើកដំបូល១៤ខ្នង ស្ថិតនៅឃុំឫស្សី ស្រុកម៉ោងឫស្សី។

យ៉ាងណា អាជ្ញាធរស្រុក កំពុងពន្លឿនការចុះស្រង់នូវទំហំផលប៉ះពាល់​ ដើម្បីរាយការណ៍ណ៍ដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីយកជំនួយបឋមដល់គ្រួសារជនរងគ្រោះផងដែរ។ សូមជម្រាបថា​ កាលពីថ្ងៃទី២0 និងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣កន្លងទៅ ​ផ្ទះប្រជាពលរដ្ឋ​ចំនួន១៩ខ្នង ត្រូវបានបំផ្លាញដោយគ្រោះធម្មជាតិ ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់​ ក្នុងមូលដ្ឋានស្រុកបវេល​ និងស្រុករតនមណ្ឌល​ ​នៃខេត្តបាត់ដំបង ៕





Powered by Blogger.