ផ្ទះប្រជាពលរដ្ឋជិត២០០ខ្នង នៅស្រុកចំនួន២នៃខេត្តបន្ទាយមានជ័យ រងការបំផ្លាញដោយខ្យល់កន្ត្រាក់
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានដឹកនាំកងកម្លាំងចម្រុះចុះជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋ១៩៩គ្រួសារ ស្ថិតនៅស្រុកចំនួន២ គឺស្រុកថ្មពួក និងស្វាយចេក ខណៈដែលភ្លៀង និងខ្យល់កន្ត្រាក់បានវាយប្រហារផ្ទះប្រជាពលរដ្ឋខាងលើបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ កាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។
លោក អែម សុខា អភិបាលនៃគណៈអភិបាលស្រុកថ្មពួក បានថ្លែងប្រាប់ ថា ស្រុកថ្មពួកមានភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ៣ឃុំ ស្មើនឹង១៩០ខ្នងផ្ទះ និងសាលារៀន៥ខ្នង ដែលរួមមាន៖ឃុំថ្មពួក ឃុំគំរូ ឃុំភូមិថ្មី ខូចខាតផ្ទះសំបែងមានរលំផ្ទះ និងប៉ើងដំបូល។ បន្ថែមលើនេះ ដើមឈើធំ ត្រូវបានខ្យល់បក់ប៉ើងបណ្តាលឱ្យបាក់សង្កត់ផ្ទះបប្រជាពលរដ្ឋមួយចំនួន ប៉ុន្តែសំណាងល្អ ហេតុការណ៍នេះមិនបណ្តាលឱ្យមនុស្សរងគ្រោះឡើយ។ ចំណែក លោក លឿង សុភ័ក្រ អភិបាលនៃគណៈអភិបាលស្រុកស្វាយចេក បានបញ្ជាក់ឱ្យដឹងផងដែរថា ស្រុកស្វាយចេក មានភ្លៀងធ្លាក់លាយឡំដោយខ្យល់កន្ត្រាក់ បណ្តាលឱ្យប៉ះពាល់ និងខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋចំនួន៩ខ្នងផ្ទះនៅឃុំទ្រាស មាន២ភូមិ ដូចជា៖ ទី១.ភូមិពន្លៃចាស់ រងគ្រោះ២ខ្នងផ្ទះ និងទី២.ភូមិពន្លៃថ្មី រងគ្រោះ៧ខ្នងផ្ទះ ដែលមានផ្ទះខ្លះរលំ និងខ្លះទៀតប៉ើងដំបូល។
ដោយឡែក លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការយោធាតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មាននេះ និងដោយទទួលបានការណែនាំពីឯកឧត្តមអភិបាលខេត្ត គណៈបញ្ជាការឯកភាពខេត្ត និងមេបញ្ជាការទិសទី១បន្ទាយមានជ័យ កម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត-ស្រុក-ក្រុង បានសហការជាមួយកម្លាំងកងពលតូចថ្មើរជើងលេខ៥១ និងកងកម្លាំងនគរបាល កងកម្លាំងកងរាជអាវុធហត្ថ បានចុះជួយអន្តរាគមន៍ជួសជុលផ្ទះជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ទាំងពីរស្រុកខាងលើនេះភ្លាមៗផងដែរ។ ចំណែកមន្ត្រីនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ លោក សេក សុខុម បានឱ្យដឹងថា សម្រាប់ករណីខាងលើនេះ លោកនៅមិនទាន់ទទួលបានរបាយការណ៍ជាក់លាក់ពីលោកអភិបាលស្រុកទាំងពីរនៅឡើយទេ ដូច្នេះ លោកសុំមិនទាន់ឆ្លើយតបករណីនេះទេ រង់ចាំការផ្ដល់ជូននូវរបាយការណ៍ជាក់លាក់ លោកនឹងផ្ដល់ជូននៅពេលក្រោយ៕
Post a Comment