ឯកឧត្តម ស សុខា៖ ព័ត៌មានក្លែងក្លាយនឹងអាចធ្វើឲ្យមានការសម្រេចចិត្តខុស អាចឈានទៅរកភាពចលាចល ភាពវឹកវរក្នុងប្រទេស

ភ្នំពេញ៖ ព័ត៌មានក្លែងក្លាយ នឹងអាចធ្វើឲ្យយើងសម្រេចចិត្តខុស ហើយបើព័ត៌មានក្លែងក្លាយនោះ មានចរិតនយោបាយញុះញុង បំបែកបំបាក់ នោះនឹងកាន់តែប្រឈមនូវហានិភ័យសង្គមខ្ពស់ ដែលអាចឈានទៅរកភាពចលាចល ភាពវឹកវរក្នុងប្រទេស នឹងអាចកើតមានសង្គ្រាមក៏ថាបាន។

ប្រសាសន៍ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) នាថ្ងៃទី២៤ខែមីនាឆ្នាំ២០២៣នៅ សណ្ឋាគារសុខាភ្នំពេញ។

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន័បន្តថា ពិតមែន ហើយថ្ងៃនេះសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានប្រារព្ធធ្វើពិធីសន្និបាតបូកសរុបលទ្ធផលការ ងារ ឆ្នាំ២០២២និងលើកទិសដៅការងារ ឆ្នាំ ២០២៣ នៅលើបដាខាងក្រោយ វេទិកាមានរំលេចពាក្យមួយឃ្លាថា "រួមគ្នាផ្សព្វផ្សាយព័ត៌មានពិត កុំប្រឌិតព័ត៌មានក្លែងក្លាយ ដើម្បីសង្គម និងមនុស្ស ជាតិទាំងមូល” ដែលឃ្លានេះ រឹតតែឆ្លុះបញ្ចាំងពីឆន្ទៈ របស់សមាគមសម្ព័ន្ធ សារព័ត៌មានឯករាជ្យ ដែលបានចូលជាមួយរាជរដ្ឋាភិបាលក្នុងការបង្ក្រាបព័ត៌មានក្លែងក្លាយឲ្យមានប្រសិទ្ធភាពនិងបានទាន់ ពេលវេលាផងដែរ។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងអប់រំ បានលើកឡើងទៀតថា ប្រទេសរបស់យើងប្រកាន់យករបបប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលជារបបមួយធ្វើអោយមានសុខដុមរមនា មានសុខសន្តិភាព និងធ្វើឲ្យប្រជាពលរដ្ឋ មានជីវភាពធូធារ ប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ។

សន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយសន្តិ ភាព ដែលយើងកំពុងមានសព្វថ្ងៃគឺបានមកដោយ លំបាក និងដោយការតស៊ូលះបង់ខ្ពស់ពីឥស្សរជនរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី។

យើងនៅចាំបានថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ១៩៩៣ ដែលរៀបចំដោយអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ហៅកាត់ (អ៊ុនតាក់) ប្រទេសរបស់យើង មិនទទួលបានសុខសន្តិភាពពេញ លេញនោះទេ ក្រោយពីអ៊ុនតាក់បញ្ចប់ បេសកកម្មរបស់ខ្លួនលើទឹកដីកម្ពុជា បានបន្សល់ទុកនូវការងារស្មុគស្មាញជាច្រើនដល់កម្ពុជា ដែលត្រូវពុះពារ ដោះស្រាយដោយខ្លួនឯង។

នាឱកាសនោះដែរ ឯកឧត្តម ស សុខា បញ្ជាក់ថាមទៀតសមាគមត្រូវបន្តសហការជាមួយនឹងក្រសួងស្ថាប័ន ពាក់ព័ន្ធ ធ្វើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសារព័ត៌មាន ដល់អ្នកសារព័ត៌មានទូទៅ ពិសេសអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន សមាជិករបស់ខ្លួនឲ្យដើរទាន់ការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធ ផ្សព្វផ្សាយឌីជីថល ដែលអាចជួយបំពេញការងារ បានរហ័ស ទាន់សភាពការណ៍ និងត្រូវបង្កើតឡើងនូវកាលានុវត្តភាពថ្មីសំរាប់ទប់ ទល់នឹងបញ្ហាប្រឈម ដែលអាចកើតឡើងនាពេលអនាគតដែលយើងមិន អាចប៉ាន់ស្មានបាន។

ជាពិសេសត្រូវបញ្ចូលការផ្សព្វផ្សាយអំពីស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក៏ដូចជាកម្មវិធី កម្សាន្តនានានៅព្រឹត្តិការណ៍ចូលឆ្នាំខ្មែរខាងមុខនេះ ឱ្យបានទូលំទូលាយ នៅក្នុងផែន ការឆ្នាំ២០២៣៕















Powered by Blogger.