សម្ដេចក្រឡាហោម ស ខេង៖ ការបណ្ដែតបណ្ដោយមិនព្រមរៀនសូត្របន្ថែមពីមជ្ឈដ្ឋាននៅជុំវិញខ្លួន នឹងក្លាយទៅជាឧបសគ្គសម្រាប់ការងាររបស់ខ្លួននាពេលអនាគត

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ការបណ្ដែតបណ្ដោយមិនព្រមរៀនសូត្របន្ថែមពីមជ្ឈដ្ឋានអ្នកដែលធ្វើការនៅជុំវិញខ្លួនយើង ជាពិសេសការសិក្សា ចំណេះដឹងផ្នែកបច្ចេកវិទ្យា នឹងក្លាយទៅជាឧបសគ្គសម្រាប់ការងាររបស់ខ្លួននាពេលអនាគត។ ការលើកឡើងដូចនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជយលាភីគ្រប់កម្រិត នៃសាខាសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១ ខែមិនា ឆ្នាំ២០២៣។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ប្រទេសជាតិមួយអាចគង់វង្ស ស្ថិតស្ថេរ និងមានការអភិវឌ្ឍរីកចម្រើនបាន អាស្រ័យដោយសារកត្តាធនធានមនុស្សរបស់ប្រទេសនោះ។ បញ្ហារបស់យើងគឺនៅត្រង់ថា តើត្រូវធ្វើដូចម្ដេចឱ្យមនុស្សរបស់យើងមានជំនាញកាន់តែខ្ពស់ ផលិតភាពកាន់តែខ្ពស់ និងមានចំណូលកើនឡើងជាលំដាប់។ ទាំងនេះជាសំណួរដែលគ្រប់បុគ្គល គ្រួសារ សហគមន៍ សាលារៀន សាកលវិទ្យាល័យ ជាពិសេស លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ត្រូវគិតដោះស្រាយ និងធ្វើសកម្មភាពទាំងអស់គ្នាឱ្យបានកាន់តែល្អថែមទៀត។

សម្ដេចក្រឡាហោមបានសង្កត់ធ្ងន់ថា ក្រៅពីកេរ្តិ៍ដំណែលធម្មជាតិ សមិទ្ធផលទាំងឡាយលើលោកនេះកើតឡើងពីស្នាដៃរបស់មនុស្ស។ ថ្ងៃនេះនិស្សិតជ័យលាភីទាំងអស់បានក្លាយជាអ្នកមានជំនាញ ហើយអ្វីដែលត្រូវធ្វើបន្ត ត្រូវអភិវឌ្ឍជំនាញទាំងនេះឱ្យកាន់តែពូកែ ឱ្យកាន់តែស្ទាត់ និងធ្វើការងារឱ្យសកម្ម នោះអ្នកទាំងអស់គ្នានឹងទទួលបានជោគជ័យ និងអនាគតល្អ។ ដើម្បីធ្វើឱ្យសម្រេចនូវគោលដៅនេះ សម្តេចបានស្នើឱ្យគ្រឹះស្ថានបណ្តុះបណ្តាល និងតួអង្គពាក់ព័ន្ធទាំងអស់ធ្វើសកម្មភាពឆ្ពោះទៅពង្រឹង និងពង្រីកឱ្យបានកាន់តែល្អប្រសើរនូវជំនាញខាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត ឱ្យបានកាន់តែច្រើន ដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សប្រទេសយើងបានកាន់តែមានប្រសិទ្ធភាពខ្ពស់។
ពាក់ព័ន្ធនឹងបញ្ហានេះ សម្ដេចឧបនាយករដ្ឋមន្ត្រី បានទាញការកត់សម្គាល់ថា ជាក់ស្ដែងនិស្សិតជ័យលាភីចំនួន ១,៥៥០នាក់នេះ ជាធនធានមនុស្សដ៏មានសារៈសំខាន់មិនអាចខ្វះបានសម្រាប់ចូលរួមបំពេញបន្ថែមទៅលើការរីកចម្រើនវិស័យផ្សេងៗសម្រាប់ជាតិ និងប្រជាជនកម្ពុជា ហើយអ្នកទាំងនេះនឹងត្រូវចេញទៅបំពេញការងារតាមជំនាញក្នុងសង្គម តាមរយៈចំណេះដឹង និងចំណេះធ្វើដែលខ្លួន ទទួលបានពីសាកលវិទ្យាល័យ ដោយយកទៅអនុវត្តជាក់ស្តែង និងដកពិសោធន៍ផ្ទាល់ និងសិក្សាស្រាវជ្រាវកែលម្អបន្ថែមទៀតពីអ្នកប្រកបការងារជុំវិញខ្លួន ស្របតាមទិសស្លោក «ការសិក្សារៀនសូត្រគឺធ្វើគ្មានទីបញ្ចប់ទេ»៕


Powered by Blogger.