អាវុធហត្ថក្រុង​ប៉ោយប៉ែត ស្រាវជ្រាវ និងឃាត់ខ្លួន ជនសង្ស័យ​ ជាជនជាតិថៃចំនួន០៤នាក់​ ពាក់ព័ន្ធ​ករណីរំលោភសេពសន្ទវៈ​

ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣នេះនៅវេលាម៉ោង១៣និង៣៩នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ ដឹកនាំដោយលោក​វរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ ឃាត់ជនសង្ស័យជនជាតិថៃ​០៤នាក់ ករណីរំលោភសេពសន្ទវៈ​ (ស្ថានទម្ងន់ទោស) ដែលប្រព្រឹត្តកាលវេលាម៉ោង០១និង០០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ស្នាក់នៅ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​ យោងតាមពាក្យបណ្ដឹងរបស់នារីរងគ្រោះ​ អាយុ១៧ឆ្នាំ ជាជនជាតិ​ថៃ​ ស្នាក់នៅបណ្ដោះអាសន្នភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក​វរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ បានប្រាប់ឱ្យដឹងថា ជនសង្ស័យ​ទាំង៤នាក់​ ១.ឈ្មោះ ភីឡាផុន ឃុនដែងឌី(ម៉ៃ) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិថៃ ។​ ២.ឈ្មោះ ផានុផុង អ៉ីណក(អាម) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិថៃ។​ ៣.ឈ្មោះ វ័រឡាវុធ កិណតាន់(អូដ) ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិថៃ ។​ ៤.ឈ្មោះ អាក់មនថេត ប៊ូឡាក់ថេត(អើត) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិថៃ​ ។ ជនសង្ស័យ​ទាំង៤នាក់​ ស្នាក់នៅបណ្ដោះអាសន្ន ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ បន្តថា​ ក្រោយពីទទួលបានពាក្យបណ្ដឹងពីនារីរងគ្រោះ​ កម្លាំងមូលដ្ឋានក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យ០៤នាក់ នៅចំណុចបន្ទប់ស្នាក់នៅស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយនាំខ្លួនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរ។

ក្រោយឃាត់ខ្លួននិងសួរ​នាំរួច ជនសង្ស័យទាំង៤នាក់​ បានឆ្លេីយថា​ ពួកខ្លួនពិតបាន​រំលោភសេពសន្ទវៈ​លើនារីរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកតាមចម្លេីយសារភាព​ ជនសង្ស័យ​ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត កសាងសំណុំរឿង​បញ្ចូនមកកាន់កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ ចាត់ការបន្តតាមនីតិវិធី​។
លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ​ ផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យ​ ត្រូវបានកម្លាំងការិយាល័យជំនាញ ​កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ បញ្ជូនទៅសាលាដំបូងខេត្ត​បន្ទាយមានជ័យ​ នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៦​ ខែមីនា​​ ឆ្នាំ​២០២៣​នេះ៕
Powered by Blogger.